អភិបាលខេត្តកំពង់ចាម ចាត់ទុកសមិទ្ធផលនានា នៅសាលាបឋមសិក្សាឧត្តរ ក្រុងកំពង់ចាមបានរួមចំណែកលើកកម្ពស់វិស័យអប់រំ

វិទ្យុជាតិកម្ពុជា៖ដោយលោកចិន សារ៉ាត ខេត្តកំពង់ចាម

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម មានប្រសាសន៍ថា សមិទ្ធផលទាំងអស់នេះ បានកកើតឡើង ដោយសារការរួមសាមគ្គីគ្នា និងការលះបង់នូវថវិកាផ្ទាល់ខ្លួន ពីសំណាក់សប្បុរសជននានា ដើម្បី រួមចំណែកលើកកម្ពស់វិស័យអប់រំ នៅក្នុងខេត្តកំពង់ចាម ឲ្យកាន់តែប្រសើរឡើង ថែមទៀត ស្របទៅតាមកម្មវិធីកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្ដោតជាសំខាន់ លើការអភិវឌ្ឍធនធានមនុស្ស នេះឯង ។

ក្លោងទ្វារ រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ សម្ដេចសង្ឃ ជួន ណាត និងរូបសំណាក ក្រម ង៉ុយ ព្រមទាំង សមិទ្ធផលផ្សេងៗ ក្រោមការឧបត្ថម្ភគាំទ្រ ពីលោកឧញ៉ា ហ៊ួត ឈឿន និងលោកជំទាវ ព្រមទាំង សប្បុរសជននានា ស្ថិតនៅក្នុងសាលាបឋមសិក្សាឧត្តរ ស្ថិតនៅក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នេះ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ។

ឯកឧត្ដម អភិបាល ខេត្តបន្តថាបច្ចុប្បន្ន វិស័យអប់រំ យុវជន និងកីឡា មានការរីកចម្រើនពាសពេញទូទាំងប្រទេស អាស្រ័យ ដោយរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ព្រមទាំង ជំរុញលើកទឹកចិត្ត ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា ឲ្យខិតខំបំពេញភារកិច្ច កាន់តែមានភាពល្អប្រសើរ និងរីកចំរើនជឿនលឿនឆាប់រហ័ស ដូចបណ្ដាប្រទេសនានា លើសកលលោក ។ ដូច្នេះ ការរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលថ្មី នៅក្នុងសាលាបឋមសិក្សាឧត្ដរនាពេលនេះ ក៏ជាផ្នែកមួយ ជម្រុញធ្វើឲ្យក្មេងៗជំនាន់ក្រោយបានដឺងអំពីប្រវត្តិនានា ក៏ដូចជា ចូលរួមចំណែកលើកកម្ពស់ ផ្នែកបរិស្ថានស្រស់បំព្រង ដែលជាសាក្ខីភាព បញ្ជាក់ពីការរីកចំរើនប្រកបដោយភាពរឹងមាំនិងថែមទាំងបង្ហាញពីការចូលរួមចំណែកអភិវឌ្ឍ និងបង្កើនបានការលើកកម្ពស់មួយកម្រិតទៀត ក្នុងវិស័យអប់រំ ក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេស នៅក្នុងខេត្តកំពង់ចាម ទាំងមូល ផងដែរ ។

ឯកឧត្ដម អ៊ុន ចាន់ដា បាន ពរ ដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ ចូលរួមថែរក្សា និងការពារ ទ្រព្យសម្បត្តិទាំងនេះ ឲ្យបានគង់វង្ស យូរអង្វែង ៕