កូនផ្សោតឈ្មោលមានអាយុជាងកន្លះខែ ត្រូវបានគេប្រទះឃើញងាប់អណ្តែតទឹកទន្លេ

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

Mc៖ កូនសត្វផ្សោតឈ្មោល០១ក្បាល មានទំងន់ជាង១០គីឡូក្រាម និងមានអាយុ ជាងកន្លះខែ ជាកូនផ្សោតដែលទើបនិងកើត នៅក្នុងអន្លង់ផ្សោតកាំពី ត្រូវសហគមន៍នេសាទបានប្រទះឃើញងាប់អណ្តែតទឹកទន្លេមេគង្គ នៅចំនុចឃុំថ្មគ្រែ ស្រុកចិត្របុរី កាលពី ប៉ុន្មានថ្ងៃមុននេះ។

រាប់ទាំងការងាប់របស់កូនផ្សោតដែលជាប្រភេទថនិកសត្វទឹកសាបដ៏កម្រ១ក្បាលនេះទៀត គឺជាការងាប់របស់សត្វផ្សោតទី៧ហើយ ក្នុងឆ្នាំ២០១៩នេះ ខណ:ចំនួននៃការកើតរបស់សត្វផ្សោតនៅក្នុងឆ្នាំ២០១៩នេះ មានចំនួនសរុប១៣ក្បាល។

ជុំវិញការងាប់នៃកូនសត្វផ្សោត១ក្បាលនេះដែរ គឺនៅមិនទាន់មានសេចក្តីបញ្ជាក់ ណាមួយបង្ហាញអំពីមូលហេតុថាតើការងាប់ដោយសារអ្វីនៅឡើយនោះទេ។ តែបើតាមការសន្និដ្ឋាន របស់សហគមន៍នេសាទបានអះអាងថា សត្វផ្សោតតូចមួយក្បាលនេះ គឺងាប់ដោយសារតែបារបស់វាខាំ។
ប្រធានឆ្មាំទន្លេនិងជានាយរងខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះលោក ម៉ុក ពន្លក បាន ថ្លែងឲ្យដឹងនៅថ្ងៃទី២៥ ខែធ្នូនេះថា÷ ខាងជំនាញរបស់លោក ក៏ដូចជាខាងជំនាញរបស់អង្គការជាដៃគូបានធ្វើកោសល្យវិច្ច័យ លើសំណាកសត្វផ្សោតមួយក្បាលនេះដើម្បីរកមូលហេតុនៃការងាប់ឲ្យឃើញពិតប្រាកដ ។
លោក ប្រធានឆ្មាំទន្លេ បានបញ្ជាក់ថាក្រោយការពិនិត្យនៅលើដងខ្លួនសំណាកកូនសត្វផ្សោតនេះ រកមិនឃើញមានស្លាកស្នាមអ្វីដែលបណ្តាលមកពីការធ្វើនេសាទនោះទេ។ តែនៅជុំវិញបរិវេណមាត់របស់វាត្រូវបានមើលឃើញថា មានស្នាម់ជាំឈាមដោយសង្ស័យថា អាចត្រូវបា របស់វាខាំបោកក្រវ៉ាត់ ទៅត្រូវជាមួយនិងថ្មទើបបណ្តាលឲ្យងាប់។ លោកប្រធានឆ្មាំទន្លេ កន្លងមកលោកធ្លាប់បានប្រាប់ឲ្យដឹងកាលពីពេលថ្មីៗនេះថា សព្វថ្ងៃទន្លេមេគង្គខេត្តក្រចេះមានសត្វផ្សោតរស់នៅក្នុងចន្លោះពី៥៥ទៅ៦០ក្បាល។ សត្វផ្សោតទាំងអស់ នេះសព្វថ្ងៃកំពុងតែរស់នៅ តាមអន្លង់ចំនួន៥អន្លង់ធំៗក្នុងទន្លេមេគង្គខេត្តក្រចេះ។ អន្លង់ទាំង នោះមានដូចជា អន្លង់ខ្សាច់ម្កាក់ អន្លង់កោះដំបង អន្លង់កោះផ្តៅ អន្លង់កន្ទុយកោះរងាវ និងអន្លង់ផ្សោតកាំពី។ហើយក្នុងចំណោមអន្លង់ធំៗទាំង៥ គឺអន្លង់ផ្សោតកាំពីមានសត្វផ្សោតរស់នៅច្រើន ជាងគេក្នុង ចន្លោះចាប់ពី២០ទៅ ៣០ក្បាល។
បើយោងតាមpage facebook ផ្លូវការ (wwf-cambodai ) របស់អង្គការ wwf ថ្មីៗនេះ បានបង្ហាញពីក្តីបារម្ភថា÷ ការស្លាប់ដោយសារជាប់នឹងនេសាទត្រូវបានគេដឹងថាជាកត្តាគំរាមកំហែងដ៏ចម្បងមួយចំពោះការរស់រានរបស់សត្វផ្សោតទន្លេមេគង្គ។ជាមួយនេះដែរអង្គការ wwf បានអំពាវនាវស្នើយ៉ាងទទូចដល់ក្រុមការងាររួមមានឆ្មាំទន្លេ ប៉ូលីសមូលដ្ឋាន ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ – ខេត្តស្ទឹងត្រែងនិងអាជ្ញាធរពាក់ព័ន្ធនានា មេត្តាបន្តរួមសហការគ្នាក្នុងការតាមដាននិងបង្ក្រាបរាល់សកម្មភាពនេសាទខុសច្បាប់គ្រប់ប្រភេទាំងអស់ នៅតាមដងទន្លេមេគង្គឱ្យបានតឹងរឹងបំផុត ជាពិសេសការបង្ក្រាបរាល់ការប្រើប្រាស់មងនេសាទនៅក្នុងតំបន់ការពារនិងអភិរក្សសត្វផ្សោតទន្លេមេគង្គ៕