ប្រធានសហព័ន្ធហែលទឹកអះអាងថា កីឡាហែលទឹកកម្ពុជារីកដុះដាលពីមួយឆ្នាំទៅមួយឆ្នាំ

AKP កំពង់ចាម ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ — នៅក្នុងឱកាសបិទការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិ  និងពានរង្វាន់​កីឡា​ហែល​ទឹក​តេជោ​សែនលើកទី៥ ឆ្នាំ២០១៩ នៅខេត្តកំពង់ចាម ឯកឧត្តមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល  រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន  និងជាប្រធានសហពន្ធ័ខ្មែរកីឡា​ហែល​ទឹកបានអះអាងថា កីឡាហែលទឹកកម្ពុជាកំពុងមានការរីកដុះដាលច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយខេត្តកំពង់ចាមជាខេត្តដែលមានសក្ដានុពល និងសម្បូរធនធានមនុស្សច្រើន ស្របពេល​ដែលកម្ពុជាកំពុងត្រៀមខ្លួនទទួលធ្វើជាម្ចាស់ផ្ទះកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ឯកឧត្តមទេសរដ្ឋមន្រ្ដី ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបន្តថា ដោយប្រទេសជាតិ​មានសុខសន្តិភាព  និងការអភិវឌ្ឍ ទើបក្រុមកីឡាករកីឡាការិនីទាំងអស់មកប្រកួតប្រជែង​ដោយភាពសប្បាយរីករាយ និងអាចបង្ហាញសមត្ថភាពដែលខ្លួនមាន ហើយតាមរយៈ​កីឡា​ហែលទឹកនេះស្រូបបាននូវយុវជន  យុវសិស្សនាំគ្នាលេងកីឡាឱ្យបានច្រើនជៀសឆ្ងាយពី​គ្រឿង​ញៀន និងអំពើអបាយមុខផ្សេងៗ។

ឯកឧត្តម  យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា​បាន បញ្ជាក់ថា  បច្ចុប្បន្ននេះកីឡាករ កីឡាការិនីរួមទាំងជនពិការបានចូលរួមប្រកួតប្រជែង លើ វិញ្ញាសាកីឡាហែលទឹកនេះយ៉ាងច្រើន ដោយកម្ពុជាមានមោទនភាពដែលកីឡាករដែលមាន កាយសប្បទានមិនគ្រប់ក៏អាចបង្ហាញសមត្ថភាពលើឆាកអន្តរជាតិបានដែរ ដោយកីឡាករ ខ្លះទទួលមេដាយមាស  ប្រាក់ សំរឹទិ្ធជាបន្តបន្ទាប់។ ក្នុងឱកាសនោះឯកឧត្ដមក៏បានអំពាវនាវ​ដល់ យុវជនទាំងអស់នាំគ្នាងាកមកកីឡា ដើម្បីសុខភាពផង និងលើកស្ទួយវិស័យ​កីឡានៅ​កម្ពុជា ក្នុងការត្រៀមខ្លួនឈានឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

បើតាម​របាយការណ៍​លទ្ធផល​របស់​គណៈកម្មកា​រ​រៀបចំ​ការប្រកួត​បា​ន​បង្ហាញឱ្យ​ឃើញ​ថា ក្រោយ​ការ​ប្រកួត​រយៈពេល​៤​ថ្ងៃ​នោះ ក្លឹប​កីឡាហែលទឹក​របស់​ក្រសួង​សាធារណការ និង​ ដឹកជញ្ជូន ដណ្ដើម​បាន​ជើងឯក​ច្រើន​វិញ្ញាសា​ប្រកួត​ នៃ​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៩​ និង​”​ពាន​រង្វាន់​តេ​ជោ​សែន​” ដែល​ធ្វើ​ឱ្យ​ក្លឹប​កីឡា​មួយ​នេះ​គ្រប់គ្រង​ដំណែង​ជើងឯក​២​ឆ្នាំ​ជាប់​គ្នា ខណៈ​ក្រសួង​មហា​ផ្ទៃ​រក្សា​ជើងឯក​រង។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានឱ្យដឹងថា ក្លឹប​ហែល​ទឹក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដណ្តើម​មេដាយ​បាន​ចំនួន​២៦​គ្រឿង ក្នុង​នោះ​មេដាយ​មាស​១៥​គ្រឿង មេដាយប្រាក់​៧​គ្រឿង និង​មេដាយ​សំរឹទ្ធិ​២​គ្រឿង​ ស្របពេលដែល​ក្លឹប​ហែល​ទឹក​ក្រសួង​មហាផ្ទៃ ដណ្ដើម​មេដាយ​បាន​ចំនួន​១៦​គ្រឿង ក្នុងនោះមេដាយមាស​៧​គ្រឿង ប្រាក់​៧​គ្រឿង និង​​សំរឹទ្ធិ​២​គ្រឿង។​ ចំពោះក្លឹប​ហែល​ទឹក​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុដណ្តើម​មេដាយ​បាន​ចំនួន​២០​គ្រឿង គឺ​មេដាយមាស​១​គ្រឿង មេដាយ​ប្រាក់​៧​គ្រឿង និង​មេដាយ​សំរឹទ្ធិ​១២​គ្រឿង ខណៈ​ក្លឹប​ហែល​ទឹក​ប៉ា​រ៉ា​អូឡាំពិក ដណ្ដើម​មេដាយ​បាន​ចំនួន​៩​គ្រឿង គឺ​មេដាយ​មាស​៣​គ្រឿង មេដាយ​ប្រាក់​៣​គ្រឿង និង​មេដាយ​សំរឹទ្ធិ​៣​គ្រឿង និង​ក្លឹប​ហែល​ទឹក​នាគរាជ​ខេត្ត​កំពង់ចាម​ដណ្ដើម​មេដាយ​បាន​ចំនួន​៧​គ្រឿង គឺ​មេដាយប្រាក់​២​គ្រឿង និង​មេដាយ​សំរឹទ្ធិ​៥​គ្រឿង​៕

ដោយ ហេង ណាលីន