ឆ្នាំ២០១៩នេះវិស័យសំណង់នៅទូទាំងប្រទេសកើនរហូតដល់ជាង៤៤០០គម្រោង

វិទ្យុជាតិកម្ពុជា៖ អត្ថបទ វ៉ែន សុវុទ្ឋី

ភ្នំពេញ៖ ក្រសួងរៀបចំដែនដីនគរូបនីកម្ម និងសំណង់បានឲ្យដឹងថានៅ ឆ្នាំ២០១៩នេះវិស័យសំណង់នៅទូទាំងប្រទេសមានការកើនរហូតដល់៤ ៤៤៦គម្រោង ដែលបានជួយរក្សាកំណើនសេដ្ឋកិច្ចជាតិ និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានយ៉ាងច្រើន។

ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការ ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០១៩នេះវិស័យសំណង់នៅ​​កម្ពុជាមាន​គម្រោងសាងសង់សរុបចំនួន៤៤៤៦ គម្រោងនឹងទុនវិនិយោគជាង៩ ៣៥៣ លានដុល្លារ។

ថ្លែងនៅក្នុងសន្និតបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩និងទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់នៅព្រឹកថ្ងៃទី២៥ ខែធ្នូនេះឯកឧត្តមរដ្ឋលេខាធិកាបានឲ្យដឹងថា បើធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨វិញ វិស័យនេះមានគម្រោងត្រឹមតែ២៨៦៧គម្រោងប៉ុណ្ណោះ ដោយមានតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណជាង ៥ ២២៨ លានដុល្លារ។
ឯកឧត្តមបញ្ជាក់ថា ការកើនឡើងនៃគម្រោងវិនិយោគលើវិស័យសំណង់នេះដោយសារតែកក្តាសុខសន្តិភាព ដែលបានទាក់ទាញក្រុមវិនិយោគទំាងក្នុង និងក្រៅប្រទេសឲ្យបោះទុនវិនិយោគលើវិស័យនេះយ៉ាងច្រើនសន្ធឹកសន្ធាប់។
(សំលេង)មូលហេតុដែលធ្វើឲ្យវិស័យសំណង់យើងមានកើនឡើងរហូត៧៨.៨៨ភាគរយនេះគឺដោយសារតែមានអ្នកវិនិយោគទាំងក្នុងស្រុកនិងបរទេសដែលមានជាអាទិ៍ដូចជាសំណង់អាគារពាណិជ្ជកម្មសំណង់សណ្ឋាគារសំណង់រមណីយដ្ឋានផ្សារទំនើបក្លឹបកំសាន្តអាគារស្នាក់នៅរួមអាគារខ្ពស់ៗទីក្រុងរណបបុរីលំនៅឋានបុរីរោងចក្រសហគ្រាសព្រមសំណងមួយចំនួនទៀតនៅតំបន់សេដ្ឋកិច្ចពិសេសនេះគឺជាកំណើនខ្ពស់នៃវិស័យសំណង់នៅកម្ពុជាយើង។
ឯឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានមានប្រសាសន៍ថា ការរីកចំរើននៃវិស័យសំណង់បានជួយជំរុញកំណើនសេដ្ឋកិច្ច ជាតិក្នុងរង្វង់ជាង៧ភាគរយជារៀងរាល់ឆ្នាំ ពិសេសបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ក្នុងមួយថ្ងៃៗរហូតដល់ជាង២០ម៉ឺននាក់។ បន្ថែមពីទៀតឯកឧត្តមឧបនាយករដ្ឋមន្រ្តីបាន បញ្ជាក់ថា សន្ទុះនៃការរីកចំរើនលើវិស័យសំណង់នៅកម្ពុជានេះ បានបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា កម្ពុជារក្សាស្ថេរភាពនយោបាយយ៉ាងល្អដែលធ្វើឲ្យក្រុមវិនិយោគិនទំាងក្នុងនិងក្រៅប្រទេសមកបណ្តាក់លើវិស័យបានកាន់តែច្រើន។
សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០០០ ដល់ ឆ្នាំ ២០១៩ ក្រសួងបានចេញលិខិត អនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួន ៤៨ ០០៤គម្រោង ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណជាង ៥ ១ ០៣៥ លានដុល្លារ៕