ក្រុមប្រឹក្សាខេត្តប៉ៃលិនជំរុញដល់អាជ្ញាធរពាក់ព័ន្ធត្រូវបំរើសេវាជូនប្រជាពលរដ្ឋអោយមានប្រសិទ្ធិភាព

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានប៉ៃលិន

ភ្នំពេញ៖ ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តត្រូវបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ អោយមានតម្លាភាព ប្រសិទ្ធិភាព ភាពត្រឹមត្រូវ ច្បាស់លាស់ ដើម្បីឆ្លើយតបតម្រូវការរប្រជាពលរដ្ឋ សំដៅអោយ មានភាពជឿជាក់មកលើអាជ្ញាធរ។

ក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តប៉ៃលិនអាណត្តិទី៣សម្រាប់ឆ្នាំ២០១៩ កាលពីរសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមសៅ សារ៉ាត់ បានលើកឡើងថា អាជ្ញារធរត្រូវការពារសន្តិសុខសណ្នាប់ធ្នាប់នៅមូលដ្ឋានរៀងៗខ្លួនឱ្យបានល្អដើម្បីបង្កើនការទប់ស្កាត់បទល្មើសផ្សេងៗកុំអោយកើតមានឡើង។ ការចូលរួមដោះស្រាយបញ្ហាប្រជាពលរដ្ឋទាន់ពេលវេលា និងតាមតម្រូវការ នឹងជួយលើកម្ពស់ជីវភាពពួកគាត់ឆ្ពោះទៅការអភិវឌ្ឍមូលដ្ឋានអោយមានការរីកចំរើន ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា ប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់​​វិស័យរួមមាន៖ ផ្លូវ សាលារៀន មន្ទីរពេទ្យ ភ្លើងអគ្គីសនី ប្រឡាយទឹក ជាដើម ជាពិសេសបានកំណែទម្រង់រដ្ឋបាលសាធាណៈទាំងថ្នាក់ជាតិ នឹងថ្នាក់ក្រោមជាតិ ដោយបានផ្ទេរអំណាចអោយថ្នាក់ក្រោមជាតិ ទាំងធនធានមនុស្ស ថវិកា សំភារៈ ដើម្បីអោយនៅកៀកជិតបងប្អូនប្រជាពលរដ្ឋក្នុងការបំរើសេវាសាធាណៈ នឹងដោះស្រាយបញ្ហាប្រឈមជូនដល់ពួកគាត់អោយបានទាន់ពេលវេលា។ ឯកឧត្តមក៍បានណែនាំដល់ក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់នៅឆ្នាំ២០២០ខាងមុខនេះត្រូវរៀបចំផែនការ គម្រោង ច្បាស់លាស់ ដែលរាជរដ្ឋាភិបាលបានប្រគល់ថវិកាជាតិសំរាប់កសាងអភិវឌ្ឍន៍ឃុំសង្កាត់ភូមិអោយមានការរីកចំរើនជាបន្តបន្ទាប់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា វេទិការនេះមាន គោលបំណងដើម្បីបង្ហាញពីសមិទ្ធផលសម្រេចបានពេញមួយឆ្នាំរបស់រដ្ឋបាលខេត្តនិងការអនុវត្តផែនការកម្មវិធីវិយោគប្រចាំឆ្នាំ២០១៩ ជូនប្រជាពលរដ្ឋយល់ជ្រាប់កាន់តែច្បាស់ នឹងបានលើកឡើងនូវបញ្ហាប្រឈម សំនូមពរ ដែលកើតមានឡើងនៅមូលដ្ឋាន ទាក់ទងទៅនឹងការអភិវឌ្ឍ និងការផ្តល់សេវាសាធាណៈរបស់អាជ្ញាធរជូនប្រជាពលរដ្ឋ សុខភាពអនាម័យ អប់រំ បរិស្ថាន ជាដើម ៕
អត្ថបទលោក គួន ធិ