ជនជាតិកូរ៉េខាងត្បូងជាង ៣.០០០នាក់ ស្វែងរកការជួបជុំជាមួយសាច់ញាតិ ដែលបែកគ្នានៅកូរ៉េខាងជើង បានស្លាប់នៅឆ្នាំនេះ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ — យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឱ្យដឹងថា ប្រជាជនកូរ៉េខាងត្បូងជាង ៣.០០០​នាក់ ដែលបានដាក់ពាក្យសុំការជួបជុំជាមួយ​សាច់​ញាតិ​ដែលបានបែកបាក់គ្នាជាយូរ​មក​ហើយ​នៅ​ប្រទេសកូរ៉េខាងជើងនោះ​ បានស្លាប់នៅឆ្នាំ​នេះ​ ​ដោយមិនបានបំពេញបំណងប្រាថ្នារបស់​ពួកគេ។

ប្រព័ន្ធអនឡាញរួមគ្នាដែលគ្រប់គ្រងដោយក្រសួងបង្រួបបង្រួម និងកាកបាទក្រហម បានបង្ហាញកាលពីថ្ងៃអង្គារថា ប្រជាជនកូរ៉េខាងត្បូងសរុបចំនួន ៣.១៤៧នាក់ ដែលបានចុះ​ឈ្មោះជាសមាជិកគ្រួសារ​បែកបាក់ចាប់តាំងពីឆ្នាំ ១៩៨៨មក បានស្លាប់កាលពីខែមករា ដល់​ខែវិច្ឆិកា ​ក្នុងឆ្នាំនេះ។

ក្នុងចំណោមប្រជាជនកូរ៉េខាងត្បូងសរុបចំនួន ១៣៣.៣៦៥នាក់ ដែលបានចុះឈ្មោះ​ជា​​សមា​ជិក​គ្រួសារបែកបាក់មានតែ ៥២.៩៩៧នាក់​ប៉ុណ្ណោះ ដែលនៅរស់នៅកាលពីចុងខែ​វិច្ឆិកានេះ ​ដោយសង្ឃឹមថា ពួកគេនឹងជួបជុំគ្នាជាមួយមនុស្សជាទីស្រលាញ់របស់ពួកគេ​ ដែល​ជឿជាក់ថា ​កំពុងរស់នៅកូរ៉េខាងជើងចាប់តាំងពីសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣ ។

ក្នុងចំណោមអ្នកនៅរស់រានមានជីវិតមាន ៦៣,៤ភាគរយ មានអាយុ ៨០ឆ្នាំ ឬច្រើន​ជាង​នេះ​ ដែលបញ្ជាក់ពីភាពចាំបាច់នៃបញ្ហាមនុស្សធម៌ដ៏បន្ទាន់បំផុតមួយរបស់កូរ៉េទាំងពីរ។

ការផ្សះផ្សាគ្នាដែលបានធ្វើឡើងកាលពីឆ្នាំកន្លងទៅនោះ កូរ៉េទាំងពីរ បានជួបជុំគ្នា​នូវក្រុមគ្រួសារដែលបែកគ្នានៅឯរមណីយដ្ឋាន Mount Kumgang នៅឆ្នេរសមុទ្រខាងកើត​របស់​ប្រទេសកូរ៉េខាងជើងជាលើកដំបូង ក្នុងរយៈពេលប្រហែល ៣ឆ្នាំ ដែលធ្វើឱ្យវាក្លាយ​ជាការជួបជុំគ្នាលើកទី២១ ចាប់តាំងពីការចាប់      ផ្តើមកិច្ចប្រជុំកំពូលអន្តរកូរ៉េលើកដំបូងកាលពី​ឆ្នាំ ២០០០មក។

កូរ៉េទាំងពីរ បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលកាលពីខែកញ្ញា របស់ពួកគេ ​កាល​ពីឆ្នាំមុន ដើម្បីបើកមជ្ឈមណ្ឌលជួបជុំគ្នាជាអចិន្ត្រៃយ៍សម្រាប់ក្រុមគ្រួសារដែលបែកបាក់គ្នា រៀបចំការប្រជុំជាវីដេអូ ឬផ្លាស់ប្តូរសារជាវីដេអូគ្នាទៅវិញទៅមក។ ប៉ុន្តែភាពជាប់គាំងក្នុងកិច្ច​ចរចា​នុយក្លេអ៊ែររ វាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកបានរារាំងដល់ការរីកចម្រើនក្នុងការ​ជួបជុំ​គ្នានូវគ្រួសារ​ដែលបានបែកបាក់គ្នា ធ្វើឱ្យសមាជិកគ្រួសារ     វ័យចំណាស់មួយចំនួនប្រឈម​នឹង​ហានិភ័យនៃការស្លាប់មុនពេលជួបជុំជាមួយក្រុមគ្រួសាររបស់ពួកគេនៅ កូរ៉េខាងជើង៕

(ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល)