ក្រសួងដែនដីនដោះស្រាយវិវាទដីធ្លីជួនប្រជាពលរដ្ឋបានជាង២ពាន់ករណីនៅក្នុងឆ្នាំ២០១៩នេះ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ វ៉ែន សុវុទ្ឋី ថ្ងៃទី

MC ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានបង្ហាញឲ្យដឹងថា នៅក្នុងឆ្នាំ២០១៩នេះក្រសួងបានដោះស្រាយវិវាទដីធ្លីជួនប្រជាពលរដ្ឋបានចំនួន២១៦៥ ករណី ដើម្បីធានាឲ្យប្រជាពលរដ្ឋបានកាន់កាប់ដីធ្លីរបស់ខ្លួនប្រកបដោយភាពស្របច្បាប់ ដែលជួយកាត់បន្ថយជម្លោះដីធ្លីតទៅមុខទៀត។

យោងតាមរបាយការណ៍របស់ក្រសួងដែនដីដែលវិទ្យុជាតិកម្ពុជាទទួលបានអះអាងថា នៅក្នុងឆ្នាំ២០១៩នេះក្រសួងបានទទួលពាក្យបណ្តឹងពាក់ព័ន្ធនឹងវិវាទដីធ្លីនៅទំាងប្រទេសមាន ចំនួនរហូតដល់ជាង៣២០០ករណី ខណៈការដោះស្រាយចប់រួចរាល់បានរហូតដល់ជាង២ពាន់ ករណីឯនោះ។
តាមរបាយការណ៍បានបង្ហាញថា ការដោះស្រាយវិវាទដីធ្លីក្នុងយន្តការគណៈកម្មការសុរិយោដីគឺ ទទួលពាក្យបណ្តឹងចំនួន ២៩០ករណី (ទទួលពីគណៈកម្មការរដ្ឋបាលចំនួន២៣៨ករណី) អនុវត្តបានចំនួន ២៩៤ ករណី ក្នុងនោះដោះស្រាយបញ្ចប់ចំនួន ១៦៩ ករណី មាន ៧២៣ គ្រួសារ ស្មើនឹងផ្ទៃដីទំហំ ជាង១៣០ហិកតា ច្រានចោលពាក្យបណ្តឹងបន្ទាប់ពីស៊ើបអង្កេតឃើញថាខុសសមត្ថកិច្ចចំនួន ៩៥ករណី និងសុំដកពាក្យបណ្តឹងចំនួន ៣០ ករណី។
ការដោះស្រាយវិវាទដីធ្លីដោយក្រុមការងារក្រសួងដែនដីគឺ ទទួលពាក្យបណ្តឹង ចំនួន៨១៧ករណី ដោះស្រាយសរុបបាន ចំនួន ១០៥ ករណី ក្នុងនោះដោះស្រាយបញ្ចប់បានចំនួន ៨១ករណីនិងធ្វើលិខិតឆ្លើយតបទៅម្ចាស់បណ្តឹង ឬបង្វែរទៅសមត្ថកិច្ចពាក់ព័ន្ធចំនួន២៤ករណី។
ប្រភពបន្តថា ចំពោះលទ្ធផលការដោះស្រាយរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីវិញគឺទទួលបានចំនួន ១ ៨៩៦ ករណី ដោះស្រាយសរុបបានចំនួន ១ ៧៦៦ ករណី បង្វែរទៅម្ចាស់បណ្តឹងចំនួន ២ ករណី និងកំពុងដោះស្រាយចំនួន ១២៨ ករណី។
របាយការណ៍បន្ថែមថា លទ្ធផលនេះក្រុមដោះស្រាយវិវាទដីធ្លីចល័តក្រុង ស្រុក ខណ្ឌ បានដោះស្រាយបញ្ចប់ចំនួន ១៤១ ករណី ច្រានចោលចំនួន ៨៩ ករណី ដកពាក្យចំនួន ២២ ករណី និងបញ្ជូនទៅគណៈកម្មការសុរិយោដីថ្នាក់ខេត្តចំនួន ៤១ ករណី។
ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់សន្យានឹងពង្រីកយន្តការដោះស្រាយវិវាទដីធ្លីឲ្យបានលឿននិងឲ្យបានច្រើនជាងមុខ ដើម្បីធានាឲ្យប្រជាពលរដ្ឋបានកាន់កាប់ដីធ្លីរបស់ខ្លួនប្រកបដោយភាពស្របច្បាប់និងកាត់បន្ថយជម្លោះបញ្ហាដីធ្លីនៅកម្ពុជា៕