និវត្តជននិងអតីតមន្រ្តីរាជការស៊ីវិលអាចទៅបើកប្រាក់ប្រចាំខែធ្នូលើកទី២នៅថ្ងៃទី២៧ខាងមុខ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី

MC៖ បេឡាជាតិសន្តិសុខសង្គម បានប្រកាសឲ្យនិវត្តជន និងអតីតមន្រ្តីរាជការស៊ីវិល អាចទៅបើកប្រាក់ប្រចាំខែធ្នូលើកទី២ នៅថ្ងៃទី២៧ខាងមុខ ដើម្បីទុកសម្រាប់ដោះស្រាយជីវភាពប្រចាំ ថ្ងៃ។

យោងតាមសេចក្តីជូនដំណឹងរបស់បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិលចូលនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលជាអតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ត្រួវបើកប្រាក់គោលនយោបាយ សោធនសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០១៩ អាចអញ្ជើញទៅបើកបានចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ តទៅ តាមប្រព័ន្ធធនាគារ កាណាឌីយ៉ា សម្រាប់អ្នកនៅរាជធានីភ្នំពេញ និងអ្នកនៅតាមបណ្ដាខេត្ត តាមប្រព័ន្ធធនាគារ អេស៊ីលីដា ដោយត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនីរបស់ធនាគារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

សេចក្តីជូនដំណឹងបញ្ជាក់ថា ចំពោះប្រាក់គោលនយោបាយរបបសន្តិសុខសង្គមរបស់សពនិវត្តជនសពជនបាត់បង់សម្បទាវិជ្ជាជីវៈ និងប្រាក់គោលនយោបាយប្រចាំខែសម្រាប់អ្នកនៅក្នុងបន្ទុករបស់សពនិវត្តជន អ្នកនៅក្នុងបន្ទុករបស់សពជនបាត់បង់សម្បទាវិជ្ជាជីវៈ និងកូនកំព្រារបស់សពមន្ត្រីរាជការស៊ីវិល ត្រូវបានរៀបចំបើកជូនដល់គេហដ្ឋាន។
សូមបញ្ជាក់ថា ក្នុងករណីនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈដែលមានជំងឺមិនអាចទៅបើកប្រាក់សោធននៅធនាគារបានឬទទួលមរណភាព សូមអ្នកនៅក្នុងបន្ទុក និងអ្នកដែលបានទទួលសិទ្ធិបើកប្រាក់សោធនប្រចាំខែ ត្រូវជូនដំណឹងជាបន្ទាន់មកបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល ដើម្បីធានាឲ្យការបើកប្រាក់នេះបានប្រព្រឹត្តទៅដោយរលូន៕