រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រកាសផ្អាកការផ្គត់ផ្គង់ទឹករយៈពេលខ្លីក្នុងខណ្ឌច្បារអំពៅនិងខណ្ឌពោធិ៍សែនជ័យ​​

វិទ្យុជាតិកម្ពុជា:ស្រីផល
ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រកាសផ្អាកការផ្គត់ផ្គង់ទឹក រយៈពេលខ្លី ក្នុងខណ្ឌច្បារអំពៅ និងខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី។
យោងតាមសេចក្តីប្រកាស របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអោយដឹងថា នៅយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ គ្រោងកាត់ភ្ជាប់បំពង់ទឹកថ្មីទំហំ១៦០មម ចំនួន១ទីតាំង នៅលើចិញ្ចើមផ្លូវជាតិលេខ១ កែងនឹងផ្លូវលេខ៣VS (ចក្រចូលស្ថានីយបូមទឹកក្តីតាកុយ) ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកនៅលើផ្លូវជាតិលេខ១ ចាប់ពីផ្លូវលេខ៣vs ដល់ផ្លូវលេខ២០ vsនៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះ តម្រូវឱ្យផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ម៉ោង គឺ ចាប់ពីម៉ោង២០:០០នាទីដល់ម៉ោង២៤:០០នាទីយប់ ។
ចំណែកឯខណ្ឌពោធិ៍សែនជ័យ ផ្អាកផ្គត់ផ្គង់ទឹកនៅ យប់ថ្ងៃ ទី២៧ ខែធ្នូ ឆ្នាំ២០១៩ ដោយគ្រោងកាត់ភ្ជាប់បំពង់ចែក ចាយទឹកថ្មី ទំហំ១១០មម និង២២៥មម ចំនួន២ទីតាំង នៅលើចិញ្ចើមផ្លូវ លេខ៣៨k-១ និងចិញ្ចើមផ្លូវ លេខ១០២cc កែងនឹងផ្លូវcc(ផ្លូវវេងស្រេង) ដែល នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹក លើផ្លូវលេខ៣៨k-១ ចាប់ពីផ្លូវលេខ ៣៨k ដល់ផ្លូវលេខ៤០k-១ និងផ្លូវ លេខ៣៣cc ដល់ផ្លូវលេខ៣៦cc នៅក្នុងសង្កាត់ចោមចៅទី៣ និងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះ តម្រូវឱ្យផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លី ប្រមាណជា ០៤ម៉ោង គឺចាប់ពីម៉ោង ២០:០០នាទី ដល់ម៉ោង ២៤:០០នាទីយប់ ដែលនិងអាចធ្វើឱ្យគុណភាពទឹក មានភាពល្អក់កករ ក្នុងរយៈពេលខ្លី ក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច។
ដូច្នេះ សូមប្រជាពលរដ្ឋ ស្ថាប័នរោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើ មេត្តាត្រៀមបម្រុងទឹក សម្រាប់ប្រើប្រាស់ ៕