សម្តេចតេជោបដិសេធថា សម្តេចពុំមែនជាអាយ៉ងរបស់វៀតណាមឡើយ បើទោះបីជាសម្តេចចេះនិយាយភាសាវៀតណាមក៏ពិតមែន

វិទ្យុជាតិកម្ពុជា ស៊ឹង សុផារី
MC ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបដិសេធថា សម្តេចពុំមែនជាអាយ៉ងរបស់វៀតណាមឡើយ បើទោះបីជាសម្តេចចេះនិយាយភាសាវៀតណាមនេះក៏ពិតមែន។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងថា ការចេះនិយាយភាសាវៀតណាមមិនមែនបញ្ជាក់ថាជាអាយ៉ងរបស់វៀតណាមនោះទេ ហើយសម្តេចក៏អាចនិយាយបានដូចជាភាសា អង់គ្លេស និងបារាំងខ្លះផងដែរ ចុះហេតុអ្វីមិនថាសម្តេចជាអាយ៉ងអង់គ្លេសនិងបារាំងផងនោះ ។
ការបំភ្លឺរបស់សម្តេចនាពេលនេះ គឺដើម្បីឆ្លើយតបទៅនឹងបុគ្គលនៅក្រៅច្បាប់ ដែល តែងតែមួលបង្កាច់ចោទប្រកាន់សម្តេចខុសពីការពិត ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម ដែលជាផ្សារលើកដំបូងនៅព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ក្នុងពិធីថ្ងៃនេះសម្តេច អាចនិយាយជាភាសាវៀតណាមខ្លះ ដើម្បីផ្ញើសារមួយចំនួនទៅថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋវៀតណាមដែលបានចូលរួម និងដើម្បីជាការឆ្លើយតបចំពោះជនអគតិមួយចំនួន ដែលបានលើកឡើងថា សម្តេចជាអាយ៉ងវៀតណាម ព្រោះតែចេះនិយាយវៀតណាម ។

សំឡេង ៖ កុំនិយាយថា ខ្ញុំអាចនិយាយវៀតណាម ខ្ញុំជាអាយ៉ងវៀតណាមនោះ ខ្ញុំក៏អាចនិយាយ បានតិចតួចជាភាសាអង់គ្លេស ក៏អាចនិយាយបានតិចតួចជាភាសាបារាំង មិចក៏មិនថាខ្ញុំជាអាយ៉ងអាមេរិច អាយ៉ងអង់គ្លេស អាយ៉ងបារំាងផងទៅ។ រឿងអីខ្ញុំមិនអាចនិយាយភាសាវៀតណាមបាន និយាយបានគឺនិយាយ ហើយឲ្យតែឃើញនិយាយវៀតណាមគឺថាអាយ៉ងវៀតណាមហើយ ចុះពួកលោកឯងនិយាយភាសាបារាំង អាមេរិច ភាសាអង់គ្លេស អានឹងមិនអាយ៉ងគេដែរ ចឹងវាដូចជាហួងហេតុពេកហើយ ។ ទីចុងបំផុតអីដែលខ្ញុំនិយាយជាភាសាខ្មែរទាំងប៉ុន្មាន ដល់ពេលពួកសារព័ត៌មានបរទេសយកទៅចុះផ្សាយត្រលប់មកវិញចុះផ្សាយអត់ខុសមួយម៉ាត់អ្វីដែល ហ៊ុនសែននិយាយ ចឹងបានសេចក្តីថាមិនត្រឹមតែប្រទេសជិតខាង ចាប់យកទៅវិភាគនោះទេ តាំងពីសារព័ត៌មាន រ៉យទែរ ឌីប្លូម៉ាត អាអេសប៉េ គឺថាផ្សាយចេញមកចាប់យកសំឡេងដែលហ៊ុនសែននិយាយជាភាសាខ្មែរ ប៉ុន្តែពួកគេមានជំនាញបកប្រែ ហើយគេយកទៅសិក្សាពីអ្វីដែលយើងបាននិយាយ ៕