ក្រសួង​ពាណិជ្ជកម្ម ​រៀបចំសិក្ខាសាលា​ស្តីពី ការអនុវត្ត​ប្រព័ន្ធចុះបញ្ជី​អ្នកនាំចេញ សម្រាប់ការនាំចេញទៅទីផ្សារសហ​ភាព​អឺរ៉ុប 

AKP ភ្នំពេញ ថ្ងៃទី២៤ ខែ​ធ្នូ ឆ្នាំ​២០១៩​ — ប្រភពពីក្រសួងពាណិជ្ជក​ម្មបាន​ឱ្យ​ដឹងថា កាលពីថ្ងៃចន្ទ ១២រោច ខែមិគសិរ  ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ក្រសួង​ពាណិជ្ជកម្ម​បាន​រៀបចំ សិក្ខាសាលា​ស្តីពី “ការអនុវត្ត​ប្រព័ន្ធចុះបញ្ជី​អ្នកនាំចេញ សម្រាប់ការនាំចេញទៅទីផ្សារ សហ​ភាព​អឺរ៉ុប (EU)” ក្រោម​អធិបតីភាព ឯកឧត្តម ពេជ ឬទ្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួង​ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) និងតំណាងរោងចក្រ ក្រុមហ៊ុននាំចេញទៅទីផ្សារ EU។

ប្រភពដដែលបាន​គូសបញ្ជាក់ថា​ សិក្ខាសាលានោះ​ធ្វើឡើង​ក្នុងគោលបំណងដើម្បី ជូនដំណឹង និងផ្សព្វផ្សាយដល់បណ្តាផលិតករ ពាណិជ្ជករ រោងចក្រ និងក្រុមហ៊ុននាំ ចេញពីកម្ពុជាទៅទីផ្សារសហភាពអឺរ៉ុបឱ្យ​បានយល់ដឹង អំពីនីតិវិធីចុះបញ្ជីអ្នកនាំចេញ និងលក្ខខណ្ឌតម្រូវចាំបាច់ដើម្បីអាចអនុវត្តន៍ប្រព័ន្ធ (REX) ដែលពុំធ្លាប់បានចូលរួមសិក្ខា សាលាកន្លងមក។​

នៅក្នុង​ឱកាសនោះ​ ឯកឧត្តម​អនុរដ្ឋលេខាធិការ​បាន​មាន​ប្រសាសន៍ថា​ រោងចក្រ ក្រុមហ៊ុន សហគ្រាស និងអ្នកនាំចេញទៅសហភាពអឺរ៉ុប (EU) នឹងទទួលបានអត្ថប្រយោជន៍ ច្រើនពីការអនុវត្តប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (Registered Exporter-REX System) សម្រាប់ ការនាំចេញទៅទីផ្សារសហភាពអឺរ៉ុបរួមមាន៖ ជួយសម្រួលដល់ការនាំចេញទំនិញពីកម្ពុជា កាត់បន្ថយពេលវេលា ចំណេញថវិកា និងនាំចេញដោយពុំចាំបាច់ស្នើសុំវិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញ (CO)។

ឯកឧត្តមបានបញ្ជាក់ថា សហភាពអឺរ៉ុបបានតម្រូវឱ្យបណ្តាអ្នកនាំចេញទំនិញ ពីកម្ពុជាទៅទីផ្សារ EU ចាប់ផ្តើមអនុវត្តន៍ប្រព័ន្ធនេះចាប់ពីដើមឆ្នាំ២០២០តទៅ ដោយ​​បានគូស បញ្ជាក់អំពីអត្ថប្រយោជន៍ចំពោះក្រុមហ៊ុន និងអ្នកនាំចេញដែលបានចុះបញ្ជីតាមប្រព័ន្ធចុះ បញ្ជីអ្នកនាំចេញ (REX System) នឹងទទួលបានការលើកលែងពន្ធក្នុងការនាំ ចេញទំនិញពីកម្ពុជាទៅកាន់សហភាពអឺរ៉ុបចាប់ពីដើមឆ្នាំ២០២០តទៅ ដោយឡែករោងចក្រ ក្រុមហ៊ុន សហគ្រាស និងអ្នកនាំចេញ ដែលពុំទាន់បានចុះបញ្ជីក្នុងប្រព័ន្ធនេះនឹង ត្រូវជាប់កាតព្វកិច្ចបង់ពន្ធ (ពន្ធនាំចូល) ពេលនាំចូលទៅសហភាពអឺរ៉ុប(EU)។

ជាមួយគ្នានេះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានលើកទឹកចិត្តពាណិជ្ជករ ឬអ្នកនាំចេញទំនិញទៅទីផ្សារសហភាពអឺរ៉ុប ត្រូវត្រៀមលក្ខណៈសម្បត្តិ និងចូលរួមចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអ្នកនាំចេញនេះឱ្យបានគ្រប់ៗគ្នា ដែលសហភាពអឺរ៉ុប បានតម្រូវឱ្យបណ្តាអ្នកនាំចេញពីកម្ពុជាចាប់ផ្តើមអនុវត្តន៍ប្រព័ន្ធនេះនៅដើមឆ្នាំ២០២០៕

ដោយ ទេស ច័ន្ទសុធារី (រូបភាព៖ ក្រសួង​ពាណិជ្ជកម្ម)