ខេត្តកំពតត្រៀមខ្លួនប្រកួតប្រជែងទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ

វិទ្យុជាតិកម្ពុជា អត្ថបទ ៖ យី វិច្ឆិកា ២៤ ១២ ២០១៩៖

ខេត្តកំពតបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមប្រកួតប្រជែង ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ដើម្បីទទួលភ្ញៀវទេចរមកលេងកម្សាន្តខេត្តឆ្នេរសមុទ្រមួយនេះ ឲ្យកាន់តែច្រើន។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម៖…….
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ឆ្នាំនេះខេត្តកំពតបានតុបតែងរចនាលំអ ភ្លើងពណ៌ នឹងហេដ្ឋារចនាសម្ព័ន្ធនានានៅជុំវិញខេត្ត ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរមកលេងកម្សាន្តនាឱកាសបុណ្យ ឆ្លងឆ្នាំសកលនាពេលដ៏ខ្លីខាងមុខនេះឲ្យបានច្រើនកុះករ ដូចទៅនឹងពិធីបុណ្យសមុទ្រដែលបានបញ្ចប់កន្លងទៅនេះ។ លោកប្រធានមន្ទីរបានបញ្ជាក់ថា ដើម្បីប្រកួតប្រជែងដណ្តើមពាន់រង្វាន់ ប្រចាំឆ្នំាស្តីពីការរៀបចំបុណ្យឆ្លងឆ្នាំសកលដែលល្អស្អាតជាងគេ រដ្ឋបាលខេត្តកំពតមិនត្រឹមតែ តុបតែងល្អហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ គឺពង្រឹងការរៀបចំអនាម័យបរិស្ថាន សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់នៅគ្រប់តំបន់ទេសចរណ៍ទំាងអស់នៅទូទំាងខេត្ត ដើម្បីបង្កើនភាពកក់ក្តៅអោយភ្ញៀវមកលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយ។

«សម្រាប់ខេត្តកំពត ពិតនិងចូលរួមហើយដោយសារអ្វីៗពីនេះទៅដល់យើងមាន រយៈពេលតែមួយសប្តាហ៍ទៀតទេ យើងរៀបចំសម្រាប់បុណ្យសមុទ្រនេះ ហើយយើងបន្តទៅបុណ្យឆ្លងឆ្នាំតែម្តង។អញ្ចឹងខេត្តកំពតដូចមិនសូវមានការលំបាកអីទៀតទេ ដោយសារយើងបានរៀបចំហើយត្រៀមហើយ។ យើងមានការរៀបចំដូចរាល់ឆ្នាំប៉ុន្តែយើងមានអំណោយផល យើងបានត្រៀមកិច្ចការនេះតំាងពីបុណ្យសមុទ្រ និងបន្តឆ្លងឆ្នាំតែម្តង »។

លោក សយ ស៊ីណុល ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ មកចូលរួមក្នុងវិធីបុណ្យឆ្លងឆ្នាំសកលនៅខេត្តកំពតនេះឲ្យបានច្រើន ដោយសារតែខេត្តកំពតបានរៀបចំតំបន់ទេចរណ៍បានច្រើន ហើយរដ្ឋបាលខេត្ត ក៏បានខិតខំរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ សម្រាប់ភ្ញៀវទេសចរផងដែរ ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨ ជ័យលាភី ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អគេប្រចាំឆ្នាំលេខ១ បានទៅលើរាជធានីភ្នំពេញ ខណៈខេត្តសៀមរាប ទទួលបានជ័យលាភី លេខ ២ និង ខេត្តកែបទទួលបានជ័យលាភី លេខ ៣ ៕