ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសបង្កើតផ្សារគំរូព្រំដែន នៅខេត្តកំពត និងខេត្តស្វាយរៀង ដោយប្រើថវិកាជាតិ

វិទ្យុជាតិកម្ពុជា៖ ដោយ ផន វាសនា៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបង្កើតផ្សារគំរូព្រំដែន នៅខេត្តកំពត និងខេត្តស្វាយរៀង ដោយប្រើថវិកាជាតិរបស់កម្ពុជា ខណៈដែលផ្សារគំរូព្រំដែនកម្ពុជា នៅខេត្តត្បូងឃ្មុំ ប្រើពេលវេលារហូតដល់១០ឆ្នាំក្នុងការបង្កើត ជាពិសេសចំណាយថវិការហូតដល់ទៅពាក់កណ្តាលនៃការចំណាយក្នុងការសាងសង់ផ្សារមួយនេះ ទៅលើការផ្លាស់ប្តូរគណៈប្រតិភូរវាងកម្ពុជា-វៀតណាមក្នុងការចរចារគ្នាបង្កើតផ្សារនេះ។ សម្តេចតេជោ បានប្រកាសបែបនេះ ក្នុងពិធីសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម(ផ្សារគំរូព្រំដែន កម្ពុជា) នៅព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ ខែធ្នូ នេះ។ សម្តេចតេជោ បន្តថា ទោះបីជាកម្ពុជា បានដាក់សំណើរួចហើយទៅភាគីវៀតណាម ប៉ុន្តែមិនទាន់មានការឆ្លើយនៅឡើយ ក្នុងការសាងសង់ផ្សារព្រំដែនកម្ពុជា-វៀតណាម នៅខេត្តកំពត និងខេត្តស្វាយរៀង។ ដូច្នេះ កុំឲ្យពិបាក សម្តេចតេជោ បានប្រកាសឲ្យប្រើប្រាស់ថវិកាជាតិរបស់កម្ពុជា ក្នុងសាងសង់ផ្សារទាំងពីរនេះ តែម្តង ព្រោះបច្ចុប្បន្នកម្ពុជា មានលទ្ធភាពក្នុងការសាងសង់ដោយខ្លួនឯងបាន ខណៈដែលផ្សារមួយចំណាយប្រមាណ២លានដុល្លារ។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានប្រកាសឲ្យ អភិបាលខេត្តទាំងពីរ រកទីតាំងឲ្យហើយ ដើម្បីសាងសង់ផ្សារគំរូនេះ។