រដ្ឋាភិបាលកូរ៉េ អរគុណកម្ពុជា ដែលតែងតែគាំទ្រ ដល់ដំណើរការសន្តិភាព នៅឧបទ្វីកូរ៉េ

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ២៤ ១២ ២០១៩ ៖

រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ អរគុណកម្ពុជា ដែលតែងតែគាំទ្រ ដល់ដំណើរការសន្តិភាព នៅឧបទ្វីកូរ៉េ ពិសេសធ្វើឲ្យឧបទ្វីបកូរ៉េ គ្មានអាវុធនុក្លេអ៊ែរ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ឧបនាយរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអត្ដរជាតិ កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៩ ឯកឧត្តម Park Heung-kyoeng ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េថ្មីប្រចាំនៃព្រះរាជណាចក្រកម្ពុជា បានលើកឡើងថា ការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជានេះ បានជំរុញឲ្យមានសន្តិភាពនៅឧបទ្វីបកូរ៉េ និងបញ្ហាអាវុធនុយក្លេអ៊ែរ។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស នៅក្រោយជំនួបទ្វេភាគីនេះ។
អ្នកនាំពាក្យរូបនេះ បានបន្តថា ភាគីទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកលើទំនាក់ទំនងការទូត ដែលភាពរីកចម្រើន និងរឹងមាំជាបន្តបន្ទាប់ ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីយ៉ាងរឹងមាំទាំងនៅលើឆាកអន្តរជាតិនិងតំបន់។  «ឯកឧត្តម អគ្គរដ្ឋទូតកូរ៉េបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្ដួចផ្ដើមឲ្យមានកិច្ចប្រជុំមេគង្គកូរ៉េ ដែលជាកិច្ចប្រជុំកំពូលប្រព្រឹត្តឡើងនៅប្រទេសកូរ៉េ។ ឯកឧត្តមអគ្គរដ្ឋទូតក៏ថ្លែងអំណរ គុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែគាំទ្រសន្តិភាពនៅឧបទ្វីបកូរ៉េដែលចង់បានរូបកូរ៉េមានសុខសន្តិភាពនិងគ្មានអាវុធនុយក្លេអ៊ែរ»។
ជាកិច្ចឆ្លើយតប ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៩នេះមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនដែលជំរុញឲ្យទំនាក់ទំនងមិត្តភាពការទូតកម្ពុជា-កូរ៉េ កាន់តែរឹងមាំបន្ថែមទៀតជាពិសេសដំណើរទស្សនកិច្ចជាផ្លូវការរបស់ឯកឧត្តមប្រធានាធិបតីកូរ៉េ មកកាន់កម្ពុជានាពេលកន្លងមក និងព្រឹត្តិការណ៍រំលឹកខួបអាស៊ានកូរ៉េប្រជុំកំពូលមេគង្គកូរ៉េនាពេលកន្លងមកថ្មីៗនេះផងដែរ៕