ពួកតាលីបង់អះអាងទទួលខុសត្រូវចំពោះការវាយប្រហារ ដែលបានសម្លាប់សមាជិកសេវាកម្មអាម៉េរិកនៅអាហ្វហ្គានីស្ថាន

AKP ភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩​ — ឧប្បត្តិហេតុនៃការវាយប្រហារមួយបានកើតឡើងចំពេល ដែលមានភាពតានតឹងកើនឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដោយសារតែការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃអាទិត្យ។ វាបានកើតឡើងតែមួយថ្ងៃបន្ទាប់ពីពួកតាលីបង់បានព្រមព្រៀងលើបទឈប់បាញ់គ្នានៅទូទាំងប្រទេស។

យោធាអាម៉េរិកបាននិយាយដោយមិនបានផ្តល់ព័ត៌មានលម្អិតថា សមាជិកសេវាកម្មអាម៉េរិកម្នាក់ត្រូវបានសម្លាប់នៅអាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទ។ អនុលោមតាមបទបញ្ជារបស់កងទ័ពអាម៉េរិក ឈ្មោះរបស់ទាហានអាម៉េរិកត្រូវបានគេរក្សាការសម្ងាត់រហូតដល់សាច់ញាតិបន្ទាប់របស់ត្រូវបានគេជូនដំណឹង។

នៅក្នុងពេលដំណាលគ្នានោះដែរ ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា ពួកតាលីបង់បានអះអាងទទួលខុសត្រូវចំពោះឧប្បត្តិហេតុនេះ។ អ្នកនាំពាក្យតាលីបង់ លោក Zabihullah Mujhid បានប្រាប់ទីភ្នាក់ងារសារព័ត៌មាននោះថា ពួកសកម្មប្រយុទ្ធបានបំផ្ទុះរថយន្តអាម៉េរិកមួយគ្រឿងនៅស្រុក Char Dara នៃខេត្ត Khunduz កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់សមាជិកសេវាកម្មអាម៉េរិក នឹងធ្វើឱ្យទាហានអាហ្វហ្គានីស្ថានជាច្រើននាក់រងរបួស។

នៅពេលនោះ កងទ័ពបរទេសរហូតដល់ទៅ ២០.០០០នាក់កំពុងឈរជើងនៅក្នុង ប្រទេស អាហ្គានីស្ថាន ។ ភាគច្រើននៃពួកគេមកពីសហរដ្ឋអាមេរិក។ បេសកកម្មដឹកនាំដោយសហរដ្ឋអាមេរិកបង្វឹកកងកម្លាំងអាហ្វហ្គានីស្ថាន នឹងចូលរួមក្នុងប្រតិបត្តិការផ្សេងៗប្រឆាំងនឹងសកម្មប្រយុទ្ធក្នុងតំបន់។

កាលពីដើមខែធ្នូ សហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថា បានធ្វើការចរចាឡើងវិញជាមួយក្រុមតាលីបង់នៅទីក្រុង Doha ប្រទេសកាតា បន្ទាប់ពីការឈប់សម្រាកអស់រយៈពេល ៣ ខែ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក៏បានលើកឡើងអំពីបញ្ហានេះក្នុងដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោកទៅកាន់មូលដ្ឋានយោធាអាម៉េរិកនៅអាហ្វហ្គានីស្ថានផងដែរ ដោយលោកបានបញ្ជាក់ថា ក្រុម តាលីបង់ចង់ធ្វើកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)