លោក Lavrov ៖ ការចូលរួមរបស់លោក Trump នៅក្នុងពិធីអបអរសាទរជ័យជម្នះ ​សង្គ្រាមលោក​លើកទី២(WWII) នៅទីក្រុងមូស្គូ អាស្រ័យលើកាលវិភាគរបស់គាត់ 

AKP ភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ — រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយកាលពីថ្ងៃចន្ទ ក្នុងអំឡុង​សម័យប្រជុំ​ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី(សភាជាន់ខ្ពស់)ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញពីចំណាប់អារម្មណ៍ ចំពោះ​ការចូល​រួម​​ព្រឹត្តិការណ៍​អបអរសាទរ​ខួប​លើកទី៧៥ នៃទិវាជ័យជម្នះក្នុងសង្គ្រាមលោកលើកទី២ (WWII) ដែលបានរៀបចំឡើង​នៅ​ទីក្រុងមូស្គូនាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ខាងមុខនោះ ប៉ុន្តែទោះយ៉ាងណា​ក៏ដោយ​ការចូលរួមរបស់មេដឹកនាំ​អាមេរិករូបនេះ គឺអាស្រ័យលើកាលវិភាគរបស់គាត់។

អ្នកការទូតកំពូលរុស្ស៊ីរូបនេះបានកត់សម្គាល់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក បាន​ទទួល​ការអញ្ជើញពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន រួមជាមួយមេដឹកនាំនៃក្រុមចម្រុះ​ប្រឆាំងហ៊ីត្លែរ និងបណ្តាប្រទេសដទៃទៀត ដើម្បី​ចូលរួមពិធីអបអរសាទរខួបលើកទី៧៥ នៃជ័យជម្នះ នៅថ្ងៃទី៩ ខែឧសភា នៅទីក្រុងមូស្គូ​លើទីលានក្រហម(Red Square)។ ប្រធានា​ធិប​តីលោក Trump បានសង្កត់ធ្ងន់លើសារសំខាន់នៃកាលបរិច្ឆេទនេះ​ជាច្រើនដង​ ពោលគឺ​ក្នុង​ដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ លោកបានបង្ហាញពី​ចំណាប់​អារម្មណ៍​​ក្នុងការចូលរួមព្រឹត្តិការណ៍នេះ ប្រសិនបើកាលវិភាគរបស់គាត់អនុញ្ញាត។

លោកបានបន្ដថា បច្ចុប្បន្ននេះ យើងកំពុងពិភាក្សាអំពីកាលបរិច្ឆេទមួយទៀត។ នៅក្នុងដំណើរការរហូតដល់ថ្ងៃទី៩ ឧសភា, ខួបលើកទី៧៥ នៃថ្ងៃ Elbe (កិច្ចប្រជុំរបស់កងទ័ព​សូវៀត និងអាមេរិកនៅទន្លេ Elbe នាថ្ងៃទី២៥ ខែមេសា ឆ្នាំ ១៩៤៥ – TASS] នឹងត្រូវបាន​អង្កេតឃើញ។ អង្គការក្រៅរដ្ឋាភិបាលរបស់យើង រួមជាមួយនឹងបណ្តាអង្គការជើងចាស់រុស្ស៊ី និងអាមេរិកក្នុងការរក្សាកិច្ចទំនាក់ទំនងទៀងទាត់ និងមានគម្រោងនៅក្នុងការប្រារព្ធនូវ​ព្រឹត្តិការណ៍ទាំង​នេះ។

លោក ឡាវរ៉ូវ បានបន្ថែមទៀតថា បណ្តាប្រទេសនានា ក៏នឹងប្រារព្ធខួបនេះផងដែរ បន្ទាប់​សន្និសីទ​យ៉ាលតា (Yalta Conference) « ជំនួបរវាងបណ្តាមេដឹកនាំសូវៀត អាមេរិក និង អង់គ្លេស នៅថ្ងៃទី៤-១១ ខែកុម្ភៈ ឆ្នាំ១៩៤៥ » ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានជូនដំណឹងថា « ខ្ញុំគិតថា អ្នកជំនាញរបស់យើងនឹងរៀបចំសន្និសីទ និងកិច្ចប្រជុំដែលត្រូវនឹងពេលវេលានៃខួប​នៃសន្និសីទយ៉ាលតានេះ។ នៅដំណាក់កាលនេះ មិនមានព្រឹត្តិការណ៍ដែលបានគ្រោងទុក​ឬអនុម័តនៅក្នុងកម្រិតរដ្ឋាភិបាលនោះទេ » ៕

(ប្រភព TASS: បកប្រែដោយលោក មាស សំអុល)