ឯកឧត្តម ខៀវ កាញារីទ្ធ ផ្ញើសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល

(ភ្នំពេញ)៖ នៅក្នុងឱកាសដ៏មហោឡារិក នៃពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២០ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងព័ត៌មានទំាំងអស់ សូមលំឱនកាយ ក្រាបថ្វាយបង្គំ ព្រះករុណាថ្លៃវិសេស និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ព្រមទាំងព្រះបារមីអតីតព្រះមហាវីរក្សត្រ ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គ ជាពិសេសទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ សូមបញ្ចេញមហិទ្ធិឫទ្ធិ ថ្វាយព្រះរាជសព្ទ សាធុការពរ បវរមហាប្រសើរជូន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់ទ្រង់បានប្រកបដោយព្រះសុខុមាលភាព ពេញបរិបូរណ៍ មានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងមានព្រះតេជៈ បារមីភ្លឺថ្លា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនា របស់ប្រជានុរាស្ត្រខ្មែរ ជាកូន ជាចៅ ចៅទួត របស់ព្រះមហាក្សត្រី ជានិច្ចនិរន្តរ៍តរៀតទៅ។