គណៈបញ្ជាការឯកភាពក្រុងស្ទឹងត្រែងឃាត់ខ្លួនក្រុមអ្នកលេងម៉ូតូកែឆ្នៃខុសបច្ចេកទេសចំនួន៧០នាក់យកទៅអប់រំ

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

MC៖  គណៈបញ្ជាការឯកភាពក្រុង  សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានចុះអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព   ឃាត់ក្រុមអ្នកលេងម៉ូតូចំនួន ៧០ នាក់ក្នុងនោះ៧ នាក់ប្រើប្រាស់គ្រឿងញៀននិងម៉ូតូកែច្នៃ ៤០គ្រឿងយកមកអប់រំនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត  ។

ក្នុងឱកាសអប់រំក្រុមអ្នកលេងម៉ូតូនៅក្រុងស្ទឹងត្រែងកាលពីថ្ងៃទី២៣ខែធ្នូ លោកសាយកុសលអភិបាលក្រុងមានប្រសាសន៍ថា៖:ម៉ូតូ ៤០គ្រឿងគ្មាន​អត្តសញ្ញាណ​ច្បាស់លាស់កែច្នៃខុសបច្ចេកទេស  គ្មានឯកសារគ្រប់គ្រាន់និងអ្នកបើកបរចំនួន ៧០ នាក់ស្រីបីនាក់ ក្នុងនោះមាន៧នាក់ប្រើប្រាស់គ្រឿងញៀន ត្រូវបាន​ធ្វើការ​ឃាត់ខ្លួនយកមកធ្វើការអប់រំដើម្បីឱ្យបុគ្គលនីមួយៗធ្វើការកែប្រែចាប់ពីពេលនេះតទៅ។

លោកបានបញ្ជាក់ថា៖អាជ្ញាធរនិងពង្រឹងសណ្ដាប់ធ្នាប់សាធារណៈ   លប់បំបាត់ ការលួចឆក់ ប្លន់ដើម្បីសេចក្តីសុខ   និងការរស់នៅរបស់ប្រជាពលរដ្ឋ   ព្រោះកន្លងមកពិនិត្យឃើញថាពេលកើត មានបទល្មើសភាគច្រើនផ្តើម​ចេញពីភាពអនាធិបត្តេយ្យបែបនេះ។លោកអភិបាលក្រុងអំពាវនាវ ឱ្យមានតាបីតា អនាព្យាបាលទាំងអស់   សូមចូលរួមសកម្មក្នុងការជួយណែនាំកូនចៅ    អប់រំឱ្យចូលរួមគោរពច្បាប់សង្គម  ស្តាប់បង្គាប់ របស់ឪពុកម្តាយ  ដើម្បីធ្វើជាកូនល្អ សិស្សល្អ  និងប្រជាពលរដ្ឋល្អ  ជួយបន្តវែនក្នុងការអភិវឌ្ឍន៍មូលដ្ឋាន។

លោកវរៈសេនីយ៍ឯក ឈូកកុមលអធិការក្រុងស្ទឹងត្រែងបានបញ្ជាក់ដែរថា៖នេះជាការអនុវត្តច្បាប់ ដើម្បីភូមិឃុំមានសុវត្ថភាព   ហើយជាលទ្ធផល សមត្ថកិច្ចបានឃាត់និងយកម៉ូតូកែច្នៃខុសបច្ចេកទេស-គ្មានអត្តសញ្ញាណ  – គ្មានស្លាកលេខនិងគ្មានឯកសារ(គ្មានពន្ធ)និងក្រុមអ្នកលែងម៉ូតូនេះមកអប់រំ ។លោកបន្តថាដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋនិងជៀសវាងការកើតមានភាពអាណាធិបតេយ្យបង្កភាពអសន្តិសុខដល់សង្គម សមត្ថកិច្ចតម្រូវឱ្យ​ម្ចាស់យកឯកសារបញ្ជាក់អត្តសញ្ញាណ ម៉ូតូកែច្នៃនេះមកបង្ហាញមន្ត្រីជំនាញ     និងយកគ្រឿងម៉ូតូដួចជាស៊ីម៉ាំង-ស្លាកលេខ-កញ្ចាក់-មកដាក់ឱ្យ​បានត្រឹមត្រូវទទួលការអប់រំ និងឱ្យឪពុកម្តាយមកធានាទើបឱ្យវិលទៅផ្ទះវិញ។

យុវជន ទៀកលីមរស់នៅភូមិអូរឬស្សីកណ្តាលស្រុកសៀមបូក តំណាងឲ្យយុវជនទាំង 70 នាក់បានគាំទ្រទៅលើចំណាត់ការរបស់សមត្ថកិច្ច ហើយខ្លួននឹងកែប្រែឈប់ប្រើប្រាស់នូវអ្វីដែលខុសច្បាប់នេះហើយក៏សូមឲ្យយុវជនទាំងអស់ កុំឲ្យធ្វើ ដែលខុសច្បាប់   និងកុំយកគំរូតាមពួកគាត់។

សូមបញ្ជាក់ថា ម៉ូតូ ចំនួន8 គ្រឿងមានឯកសារ យកមកបង្ហាញសមត្ថកិច្ច ត្រូវបានដោះលែងឲ្យត្រឡប់ទៅវិញ  ចំណែកម៉ូតូ ៤០ គ្រឿង មិនទាន់មានឯកសារគ្រប់គ្រាន់ ត្រូវបានរក្សាទុកនៅទីបញ្ជាការអាវុធហត្ថខេត្ត រង់ចាំ ម្ចាស់យកឯកសារមក ដើម្បីត្រួតពិនិត្យត្រឹមត្រូវជាមុនសិន៕