ជនពិការក្រីក្រក្នុងសហគមន៍ ចំនួន ៧០៩នាក់ នៅស្រុកសាលាក្រៅ ទទួលប្រាក់របបគោលនយោបាយពីមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តប៉ៃលិន

វិទ្យុជាតិកម្ពុជាកម្ពុជា៖ មន្ទីរព័ត៌មានខេត្តបៃលិន

  ប៉ៃលិន៖ នៅសាលាស្រុកសាលាក្រៅ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បានបើកផ្តល់ប្រាក់របបគោលនយោបាយ ជូនដល់ជនពិការក្រីក្រ ចំនួន៧០៩ នាក់ ក្នុងសហគមន៍ មកពីឃុំទាំង៤ ក្នុងស្រុកសាលាក្រៅ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន។

មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការផ្តល់ប្រាក់របបគោលនយោបាយពីមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងនិតិសប្បទាពេលនេះ គឺដើម្បីចូលរួមចំណែកដោះស្រាយ លើកកំពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋបានមួយកំរិត តែមិនបានបំពេញតាមតំរូវការខ្វះខាតរបស់បងប្អូនទាំងអស់ទេ ហើយអ្វីដែលសំខាន់គឺ បងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិតដោយខ្លួនឯង ដោយត្រូវខិតខំបង្កបង្កើតផលដាំដំណាំ ចិញ្ចឹមសត្វ និងប្រកបមុខរបរអ្វីផ្សេងៗទៀតតាមចំណេះ ជំនាញរបស់បងប្អូន ដើម្បីបង្កើនជីវភាពគ្រួសារអោយបានប្រសើឡើង។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ រាជដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ សែន បានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដោយមានការកសាងនូវមន្ទីរពេទ្យ ប្រព័ន្ធធារាសាស្រ្ត ស្ពាន ថ្នល់ យ៉ាងច្រើនខ្វាត់ខ្វែងទូទាំងប្រទេស សម្រួលដល់ការបង្ករបង្កើនផលដំណាំ ចិញ្ចឹមសត្វ ការធ្វើដំណើរ ដឹកជញ្ជូន សព្វបែបយ៉ាងរបស់ប្រជាពលរដ្ឋ ក៏ដូចជាការទាក់ទាញអ្នកវិនិយោគបរទេស មកដាក់ទុករកស៊ីនៅក្នុងប្រទេសកម្ពុជា បង្កើតមុខរបរជូនប្រជាពលរដ្ឋ និងធ្វើអោយជីវភាពរបស់ប្រជាពលរដ្ឋមានការរីកចំរើនជាលំដាប់។ ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ ចំពោះបងប្អូនជនមានពិការភាព រាជរដ្ឋាភិបាល ក៏បានបង្កើតច្បាប់ ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលបង្ហាញពីការយកចិត្តទុកដាក់ អំពីសុខទុក្ខ និងធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូន និងគ្រួសារមានភាពប្រសើរឡើងនិងការគាំពារដូចបងប្អូនប្រជាពលរដ្ឋយើងផងដែរ ដែលនេះជាការគិតគូរគួរសុខទុក្ខរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះលោកតាលោកយាយនិងបងប្អូនជនពិការយើង ជាពិសេសខេត្តប៉ៃលិនយើងត្រូវបានអនុញ្ញាតិឲ្យសាកល្បង និងដំណើរការផ្តល់ប័ណ្ណសង្គមកិច្ចនិងផ្តល់របបគោលនយោបាយជនពិការក្រីក្រក្នុងសហគមន៍មុនខេត្តនានាទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។

បើតាមរបាយការណ៍របស់លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បានអោយដឹងថា៖ ប្រាក់ឧបត្ថម្ភគោលនយោបាយជូនដល់ជនពិការក្រីក្រក្នុងស្រុកសាលាក្រៅ សរុបចំនួន៧០៩នាក់ ស្រី២៣៦នាក់ ក្នុងនោះទទួល៦ខែ ចំនួន ៣១៧នាក់ ស្រី ៨៩នាក់ និងទទួល១២ខែ ចំនួន ៣៩២នាក់ ស្រី ១៤៧នាក់ សម្រាប់ឆ្នាំ ២០១៩ ហើយជនពិការដែលធ្ងន់ធ្ងរទទួលបានថវិកា ២៤ម៉ឺនរៀល និងជនពិការដែលក្រីក្រទទួលបានថវិកា ១២ម៉ឺនរៀល ផងដែរ។

ញ៉ឹប បូរី ប៉ៃលិន 24-12-2019