លោក មូន និងលោក ស៊ី សង្កត់ធ្ងន់ចំពោះសារៈសំខាន់នៃការរក្សាសន្ទុះ កិច្ចសន្ទនារវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន

AKP ភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩​ — កាលពីថ្ងៃចន្ទ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចា-អ៊ីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានផ្ញើសារបង្រួបបង្រួមមួយទៅកាន់កូរ៉េខាងជើង និងសហរដ្ឋអាមេរិកថា ពួកគេគួរតែរក្សាសន្ទុះនៃកិច្ចចរចានុយក្លេអ៊ែរ។

លោក មូន និងលោក ស៊ី បានជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉េកាំងនៅពេលដែលលោក មូន បានឆ្លៀតចូលទីនោះជាច្រើនម៉ោង មុននឹងធ្វើដំណើរបន្តទៅកាន់ទីក្រុង Chengdu ខេត្តស៊ីឈួនដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រចាំឆ្នាំជាមួយមេដឹកនាំចិន និងជប៉ុន។

ការជួបគ្នានេះ​ បានកើតឡើងស្របពេលដែលមានការចង្អុលបង្ហាញអំពីការរៀបចំ ដែលអាចធ្វើទៅបានដោយទីក្រុងព្យុងយ៉ាងសម្រាប់ការបន្តការបង្កហេតុដែលមានលក្ខណៈខ្ពស់ ដូចជាការបាញ់សាកល្បងកាំជ្រួចរយៈចម្ងាយឆ្ងាយជាដើម។

ទាក់ទងទៅនឹងការជាប់គាំងក្នុងដំណើរការសន្តិភាពកូរ៉េថ្មីៗនេះ លោក ស៊ី ត្រូវបានគេដកស្រង់សម្តីដោយបាននិយាយប្រាប់លោក មូន ថា «មានមនុស្សជាច្រើនដែលព្រួយបារម្ភអំពីស្ថានភាពតានតឹងនៅឧបទ្វីបកូរ៉េ»។

យោងតាមអ្នកនាំពាក្យរបស់ Cheong Wa Dae លោកស្រី Ko Min-jung បាននិយាយថា លោក ស៊ី​ សង្កត់ធ្ងន់ថា «ប្រទេសចិន និងកូរ៉េខាងត្បូង គួរតែរួមគ្នាក្នុងការធ្វើឱ្យកូរ៉េខាងជើង និងសហរដ្ឋអាមេរិករក្សាសន្ទុះនៃកិច្ចសន្ទនា»។

លោកស្រី Ko បាននិយាយប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទកាសែតមួយសម្រាប់ការហោះហើរឆ្ពោះទៅទីក្រុង Chengdu ថា «លោក ស៊ី បាននិយាយបន្ថែមថា មហាអំណាចទាំងពីរក្នុងតំបន់អាចសម្រេចបាននូវអ្វីៗជាច្រើនប្រសិនបើពួកគេរួមដៃគ្នា» ហើយលោកបានបញ្ជាក់ថា ទាំងនេះ គឺជាពាក្យពិតរបស់     លោក៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)