ឯកឧត្តម ខៀវ កាញារីទ្ធ ផ្ញើសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

(ភ្នំពេញ)៖ នៅក្នុងឱកាសដ៏មហោឡារិក នៃពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២០នេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងព័ត៌មានទំាំងអស់ សូមលំឱនកាយ ក្រាបថ្វាយបង្គំ ព្រះករុណាថ្លៃវិសេស និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ព្រមទាំងព្រះបារមីអតីតព្រះមហាវីរក្សត្រ ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គ ជាពិសេសទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ សូមបញ្ចេញមហិទ្ធិឫទ្ធិ ថ្វាយព្រះរាជសព្ទ សាធុការពរ បវរមហាប្រសើរជូន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានប្រកបដោយព្រះសុខុមាលភាព ពេញបរិបូរណ៍ ព្រះកាយពលមាំមួន មានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងមានព្រះតេជៈបារមីភ្លឺថ្លា ដើម្បីកង់ប្រថាប់នៅជាម្លង់ដ៏ត្រជាក់ត្រជុំ សុខដុមរមនា របស់ប្រជានុរាស្ត្រខ្មែរ ជាកូន ជាក្មួយ ជាចៅ របស់ព្រះអង្គ ជានិច្ចនិរន្តរ៍តរៀងទៅ។