រដ្ឋមន្រ្តីក្រសួងការងារថាវិស័យកាត់ដេរនៅតែជួយរក្សាកំណើនសេដ្ឋកិច្ចជាតិ

វិទ្យុជាតិកម្ពុជា៖  លោក សេង សុផាន់ណា

MC ៖ រដ្ឋមន្រ្តីក្រសួងការងារបានអៈអាងថាវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកនៅតែជួយរក្សាកំណើនសេដ្ឋកិច្ចជាតិ យ៉ាងមិនប្រសិទ្ធភាព ពិសេសការលើកកម្ពស់ផលិតភាពជាតិ និងជីវភាពប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធីសំណេះសំណាលប្រចាំឆ្នាំរវាងតំណាងរាជរដ្ឋភិបាល និងវិស័យឯកជន ឯកឧត្តមអ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា
តាមរយៈការរីកចំរើនរបស់វិស័យឧស្សហកម្មវាយនភណ្ឌកាត់ដេរនិងស្បែកជើងនេះ បានជួយជំរុញឱ្យកម្ពុជាអាចពង្រីកបាននូវឱកាសទាក់ទាញវិនិយោគិនលើវិស័យផ្សេងៗទៀត ដែលជួយជំរុញដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជា និងបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ឧស្សាហកម្ម កាត់ដេរ សំលៀកបំពាក់ និងផលិតផលស្បែកជើងនៅកម្ពុជា បន្តរីកចម្រើនគួរជាទីមោទនៈ ចាប់ផ្តើមពីរោងចក្រប្រមាណជាង៦០រោងចក្រជាមួយនឹងកម្មករនិយោជិតប្រមាណ៨ម៉ឺននាក់ ប៉ុន្តែរហូតមកដល់ពេលនេះ រោងចក្របានកើនឡើងដល់ប្រមាណ ១ពាន់២រយរោងចក្រ ជាមួយនិងកម្មករនិយោជិតប្រមាណជាង ៨៤ម៉ឺននាក់។
ឯកឧត្តមអៈអាងថា នៅក្នុងឆ្នាំ២០១៩នេះវិស័យឧស្សាហកម្មត្រូវបានប៉ាន់ស្មានថានឹងបន្តសម្រេចបានកំណើនខ្ពស់ក្នុងអត្រា១០.៧ភាគរយ ដែលក្នុងនោះអនុវិស័យសំខាន់ៗរួមមាន វិស័យសំណង់នឹងកើនឡើង១៧,៣ភាគរយ កាត់ដេរកើន ៧.១ភាគរយ និងឧស្សាហកម្មមិនមែនកាត់ដេរ (ដូចជា ម្ហូបអាហារនិងភេសជ្ជៈ ឧស្សាហកម្មដំឡើងយានយន្ត គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបន្លាស់ គ្រឿងសង្ហារឹម និងស៊ីម៉ង់ត៍ជាដើម) នឹងមានកំណើន១០.៥ភាគរយ។
ឯកឧត្តមបន្តថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននឹងកំពុងខិតខំជំរុញការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ សំដៅឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីបង្កើនការផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាពលរដ្ឋ តាមរយៈការបង្កើតការងារថ្មីៗដែលមានគុណភាពកាន់តែល្អ ការពង្រីកកិច្ចគាំពារសង្គមកាន់តែទូលំទូលាយ និងការអភិវឌ្ឍជំនាញនិងសមត្ថភាពកាន់តែខ្ពស់ឡើង។
សូមបញ្ជាក់ថា នៅឆ្នាំ២០២០ខាងមុខនេះកម្មករកម្មការិនីនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនឹងបានតម្លើងរហូតដល់១៩០ដុល្លាអាមេរិក ខណៈឆ្នាំ២០១៨មានចំនួនត្រឹមតែ១៨២ដុល្លារអាមេរិកប៉ុណ្ណោះ៕