រដ្ឋសភាអនុម័តជាឯកច្ឆ័ន្ទសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើការធានាទូទាត់របស់រាជរដ្ឋាភិបាល សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យនៅខេត្តចំនួន៤ និងសម្រាប់គម្រោងទិញថាមពលអគ្គិសនីពីឡាវ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ — រដ្ឋសភាបានអនុម័តជាឯកច្ឆ័ន្ទ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការ ធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនហ្រ្គីន សឺស្តែនណេ ប៊ល វេនឈ័រ (ខេមបូឌា)ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយ ពន្លឺព្រះអាទិត្យ អានុភាព២០មេហ្គាវ៉ាត់នៅខេត្តស្វាយរៀង។  សេចក្តីព្រាងច្បាប់ស្តីពី ការ អនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុម ហ៊ុន រ៉ាយ ផៅវ័រ សឹបផ្លាយ ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនីដើរ ដោយ ពន្លឺព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ នៅខេត្តបន្ទាយមានជ័យ។

សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន រ៉ាយសិន អេនើជី (ខេមបូឌា) បាត់ដំបង ឯ.ក សម្រាប់ គម្រោង សាងសង់ស្ថានីយ ផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង។  សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក អ៊ីនហ្វីនីត ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុ​ភាព ៣០មេហ្គាវ៉ាត់ នៅខេត្តពោធិ៍សាត់។

សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ធីអេសប៊ីភី សេកុង ផៅវ័រ អ៊ែន មីនើរ៉ល ខមភេនី លីមីធីត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសេចក្តីព្រាងច្បាប់ស្តីពី ការ អនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុម ហ៊ុន សេកុង សឺមម័ល ផៅវ័រ ផ្លេន ខមភេនី លីមីធីត នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។

នៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៣ នីតិកាលទី៦ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជា នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធាន គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាថ្លែងថា ឆ្លងតាមការពិនិត្យ សេចក្តីព្រាងច្បាប់នេះ គណៈកម្មការជំនាញរដ្ឋសភាយល់ឃើញថា សេចក្តីព្រាងច្បាប់ នេះមានតួនាទីដ៏សំខាន់ ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែរីក ចម្រើនឡើង និងធ្វើជាម្ចាស់ក្នុងការផ្គត់ផ្គង់អគ្គិសនី ហើយតម្លៃអគ្គិសនីទៀតសោត ក៏ចុះថោក ជាលំដាប់នៅឆ្នាំជាបន្តបន្ទាប់ ដែលជាកត្តារួមចំណែកកាត់បន្ថយភាពក្រីក្រ ធ្វើឱ្យប្រជាពលរដ្ឋ មានកម្រិតជីវភាពរស់នៅល្អថែមទៀតផងដែរ។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល តំណាងឱ្យរដ្ឋាភិបាលឡើង ការពារសេចក្តីព្រាងច្បាប់នេះបានថ្លែងថា គម្រោងអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនេះ ក៏ដូចជាគម្រោងពីមុនៗដែរ នេះជាសេចក្តីត្រូវការដ៏ចាំបាច់ដែលរាជរដ្ឋាភិបាលត្រូវអភិវឌ្ឍន៍ នៅទីនោះ ហើយសារប្រយោជន៍ នៃគម្រោងនេះក៏ដូចជាគម្រោងមុនៗ ខុសគ្នាតែលក្ខណៈ ហិរញ្ញវត្ថុ នៃការវិនិយោគទុន។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់សម្តេច ប្រធានរដ្ឋសភា និងអង្គសភា ទាំងអស់ ដែលបានអនុម័តច្បាប់នេះ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃដដែលនេះ សម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៣ នីតិកាលទី៦ ក៏បានអនុម័តជាឯកច្ឆ័ន្ទ សេចក្តីព្រាងច្បាប់ស្តីពី អនុម័តយល់ព្រមឱ្យព្រះរាជា ណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តបទបញ្ញត្តិនៃអនុសញ្ញា សហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២​ ទាក់ទងនឹងការគ្រប់គ្រង និងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកទីឆ្ងាយផងដែរ៕

ដោយ ប៉ាល់ សុង