មនុស្សជាង១,៥០០នាក់ត្រូវចាប់ខ្លួនចាប់តាំងពីមានបាតុកម្មតវ៉ាច្បាប់សញ្ជាតិនៅឥណ្ឌា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ភួង​ ឈុន​លាង​៖

តាមប្រភពពីអាជ្ញាធរឥណ្ឌាបានឲ្យដឹងថា មនុស្សជាង១,៥០០នាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេសកំឡុងបាតុកម្មយ៉ាងកក្រើក ដែលបានផ្ទុះឡើងជាង១០ថ្ងៃមកហើយក្នុងការតវ៉ាចំពោះច្បាប់សញ្ជាតិថ្មីនៅប្រទេសឥណ្ឌា។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងាសារព័ត៌មាន Reuters។
ច្បាប់ថ្មីស្តីពីសញ្ជាតិត្រូវបានរដ្ឋសភាឥណ្ឌាអនុម័តកាលពីថ្ងៃទី១១ ខែធ្នូកន្លងទៅនេះ ដែលគេមើលឃើញថា មានការរើសអើងប្រឆាំងនឹងជនជាតិម៉ូស្លីម ទើបបង្កឲ្យមានការធ្វើបាតុកម្មទ្រង់ទ្រាយធំស្ទើរតែនៅទូទាំងប្រទេសឥណ្ឌា។មនុស្សជាង១,៥០០នាក់ ត្រូវបានចាប់ខ្លួន និងប្រមាណជា៤,០០០នាក់ទៀតត្រូវបានឃាត់ខ្លួន ប៉ុន្តែក្រោយមកត្រូវដោះលែងវិញ ហើយមនុស្សយ៉ាងហោចណាស់ ២០នាក់ បានស្លាប់ក្នុងអំពើហិង្សារវាងក្រុមបាតុករនិងប៉ូ លិស។ លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានកោះប្រជុំបន្ទាន់មួយ នៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក ស្តីអំពីបញ្ហាសន្តិសុខទូទាំងប្រទេស ខណៈបាតុកម្មបានវិវត្តន៍កាន់តែក្តៅគគុក និងកំពុងជាបញ្ហាធ្ងន់ធ្ងរបំផុត។
សូមបញ្ជាក់ថា ច្បាប់សញ្ជាតិថ្មីនេះគឺអនុញ្ញាតឲ្យផ្ដល់សញ្ជាតិដល់ជនជាតិដើមភាគតិចកាន់សាសនា ហិណ្ឌូ ស៊ីគ (Sikhs) ព្រះពុទ្ធសាសនា ហ្សេនស៍ (Jains) ផាស៊ីស (Parsis) និងសាសនាគ្រិស្ត មកពីប្រទេសអាហ្វហ្គានីស្ថាន បង់ក្លាដែស និងប៉ាគីស្ថាន ដែលមកដល់ប្រទេសឥណ្ឌាមុនឆ្នាំ២០១៥ តែច្បាប់នេះមិនរាប់បញ្ចូលអ្នកកាន់សាសនាអ៊ីស្លាមនោះទេ៕

ប្រភព៖ទីភ្នាក់ងាសារព័ត៌មាន Reuters។