លោក Lavrov និយាយថា មានការភ្ញាក់ផ្អើល ចំពោះសេចក្តីថ្លែងការណ៍ របស់អាល្លឺម៉ង់ស្តីពីណាតូ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ — តាមសម្តីរបស់រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Sergey Lavrov បានប្រាប់​ទូរទស្សន៍​ប៉ុស្តិ៍លេខ១ Bolshaya Igra (ឬ Great Game)ថា​ សេចក្តីថ្លែងការណ៍របស់ទីក្រុង​ប៊ែកឡាំងដែលថា ណាតូគួរតែរក្សានៅជំហដដែលដើម្បីការពារប្រទេសអាល្លឺម៉ង់នោះ គឺគួរ​ឱ្យភ្ញាក់​ផ្អើល។

លោក Lavrov បានចង្អុលបង្ហាញថា រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់លោក Heiko Maas និងអធិការបតីលោក Angela Merkel បាននិយាយក្នុងកំឡុងពេលជជែកដេញដោល​ដែលបានផ្តួចផ្តើមដោយប្រធានាធិបតីបារាំងលោក Emmanuel Macron ថា ណាតូគួរតែ​រក្សា​ជំហរដដែល​ ពីព្រោះមានតែណាតូទេអាចការពារអាល្លឺម៉ង់បាន។ លោក Lavrov បាននិយាយ​ថា និយាយដោយត្រង់ទៅ ខ្ញុំត្រូវបានវាយប្រហារដោយសេចក្តីថ្លែងការណ៍ទាំងនេះ មិនមែន​មកពីប្រទេសដែលមានគំនិត មានមូលដ្ឋានលើការស្អប់ប្រឆាំងនឹងប្រទេសរុស្ស៊ី​ និងបញ្ហា ប្រវត្តិសាស្ត្រទេ ប៉ុន្តែមកពីប្រទេសអាល្លឺម៉ង់ដែលជាមេដឹកនាំសហភាពអឺរ៉ុប។ លោកបាន​បន្ថែម​ថា វាមានន័យថា វាជាមនោសញ្ចេតនាចាក់ឫសជ្រៅដែលជាភាពវង្វេងស្មារតី។

អ្នកការទូតកំពូលរបស់រុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា អាជ្ញាធរថ្មីរបស់សហភាពអឺរ៉ុបនឹង​ត្រូវ​កំណត់អាកប្បកិរិយារបស់ពួកគេ ចំពោះការសន្ទនាស្តីពីសន្តិសុខ នយោបាយ និងយោធា នៅលើទ្វីបអឺរ៉ុប ជាពិសេសលើកិច្ចពិភាក្សាជាមួយប្រទេសរុស្ស៊ី និងបណ្តាប្រទេសផ្សេងទៀត​ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប និងណាតូ។

លោកមានប្រសាសន៍ថា ខ្ញុំជឿជាក់ថា បើតាមការទូតត្រូវបានគេព្រួយបារម្ភ វាចាំ​បាច់ណាស់ក្នុងការផ្លាស់ប្តូរនិទានកថា ដូចដែលពួកគេនិយាយនៅពេលនេះ។ នេះជាអ្វី​ដែល​ប្រធានាធិបតីបារាំងលោក Emmanuel Macron កំពុងព្យាយាមធ្វើរួមជាមួយមេដឹកនាំ​មួយចំនួន​ផ្សេងទៀតនៃបណ្តាប្រទេសណាតូ និង EU៕

(ប្រភព TASS: បកប្រែដោយលោក មាស សំអុល)