អ្នកការទូតកំពូលរុស្ស៊ី៖ គ្មានផែនការណាមួយបង្ខំប្រទេសចិន ឱ្យចូលក្នុងកិច្ចពិភាក្សាអំពីការគ្រប់គ្រងអាវុធនោះទេ 

AKP ភ្នំពេញ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ — រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយថា ទីក្រុងមូស្គូគោរពតាម​ទីក្រុងប៉េកាំង ដើម្បីចៀសវាងការជជែកគ្នាជាអន្តរជាតិ ស្តីពីការគ្រប់គ្រងអាវុធ ហើយនឹងមិន​បង្ខំ​ឱ្យប្រទេសចិនចូលរួមក្នុងការពិគ្រោះយោបល់បែបនេះនោះទេ។

តាមរូបលោកបានឱ្យដឹងថា កាលពីខែមិថុនា ប្រធានាធិបតីប្រទេសរុស្ស៊ីលោក វ្លាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ​ បានពិភាក្សាគ្នា​អំពីបញ្ហាដែលទាក់ទង​នឹង​សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (START) ដែលនឹងផុតកំណត់នៅឆ្នាំ ២០២១។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចង្អុលបង្ហាញពីភាពចាំបាច់ ដើម្បី​ចូលរួម​ជាមួយ​ប្រទេសចិនក្នុងកិច្ចចរចានេះ។ លោក វ្ល៉ាឌីមៀរ ពូទីន បានឆ្លើយតបថា រុស្ស៊ីបាន​ពិគ្រោះយោបល់ជាមួយចិនហើយពួកគេបានធ្វើអត្ថាធិប្បាយជាសាធារណៈលើសំណើ​របស់​សហរដ្ឋអាមេរិកនេះ។ លោក Lavrov បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក និងពួកគេមិនមាន​ហេតុផលដើម្បីចូលរួមក្នុងកិច្ចពិភាក្សាបែបនេះទេ។ យើងបានប្រាប់ជនជាតិអាមេរិកថា ​ជនជាតិចិនបានកំណត់ជំហររបស់ពួកគេហើយយើងគោរពវា។ លោកបានបន្ថែមថា ប្រសិន​បើទីក្រុងវ៉ាស៊ីនតោនចាត់ទុកការចូលរួមរបស់ចិន នៅក្នុងកិច្ចពិភាក្សានេះ គឺជារឿង​សំខាន់ នោះ ​វាគួរតែនិយាយជាមួយទីក្រុងប៉េកាំង។

តាមទ្រឹស្តី យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាអំពីវិធីសាស្រ្តពហុភាគី​ប៉ុន្តែក្នុងករណីនេះ ប្រទេសបារាំង និងចក្រភពអង់គ្លេសក៏គួរតែចូលរួមផងដែរ, ប្រសិនបើ​យើង​និយាយអំពីអំណាចនុយក្លេ-      អ៊ែរដែលត្រូវបានទទួលស្គាល់ជាផ្លូវការនោះ។ មានអ្នកដែល​មិន​បានទទួល​ស្គាល់ផងដែរ។ ដំណើរការនេះ នឹងត្រូវចាប់ផ្តើមនៅថ្ងៃណាមួយ ប៉ុន្តែយើង​នឹង​មិនបង្ខំដៃគូយុទ្ធសាស្ត្ររបស់យើងពីប្រទេសចិនចូលក្នុងកិច្ចពិភាក្សានេះទេ។

នៅពេលនិយាយអំពីលទ្ធភាពនៃការពង្រីក New START លោក Lavrov បានសង្កត់​ធ្ងន់​ថា វានៅតែមិនទាន់ច្បាស់។ លោកបានកត់សម្គាល់ថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បាននិយាយនៅក្នុងកិច្ចប្រជុំកាលពីពេលថ្មីៗនេះ ជាមួយពួកមន្រ្តីជាន់ខ្ពស់ក្រសួង​ការ​ពារ​ជាតិ និងកងកម្លាំងប្រដាប់អាវុធរុស្ស៊ីថា ទីក្រុងមូស្គូបានត្រៀមខ្លួន ដើម្បីពង្រីកសន្ធិសញ្ញា​នេះ​ភ្លាមៗដោយគ្មានលក្ខខណ្ឌជាមុនណាមួយនោះឡើយ។ អ្នកការទូតកំពូលរុស្ស៊ី​រូបនេះ​បានចង្អុលបង្ហាញថា ទីក្រុងមូស្គូរំពឹងថា ទីក្រុងវ៉ាស៊ីនតោននឹងផ្តល់នូវការឆ្លើយតប​ប្រកប​ដោយ​អត្ថន័យ ព្រោះថា ដូចដែលប្រធានាធិបតីលោក ពូទីន បាននិយាយថា ​ប្រសិនបើ​សន្ធិសញ្ញានេះរលាយបាត់ ឧបករណ៍ចុងក្រោយក្នុងការគ្រប់គ្រងអាវុធ និងធានាស្ថិរភាព​យុទ្ធសាស្ត្រនឹងត្រូវបាត់បង់ផងដែរ។

STARTថ្មី ដែលបានចូលជាធរមាននៅក្នុងឆ្នាំ ២០១១ បានកំណត់ប្រទេសរុស្ស៊ី និង​សហរដ្ឋ​អាមេរិកមិនឱ្យដាក់ពង្រាយមីស៊ីលផ្លោងអន្តរទ្វីប(ICBM)លើសពីចំនួន ៧០០គ្រាប់ និងមីស៊ីល​ផ្លោងអន្តរទ្វីប​(SLBM) នាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់បែក​យុទ្ធសាស្ត្រ​មិនតិចជាង ១៥៥០គ្រាប់ ដែលបានដាក់ពង្រាយ និង៨០០គ្រឿង ត្រូវបានដាក់ពង្រាយ ព្រមទាំងឧបករណ៍បាញ់មិនប្រើប្រាស់ផ្សេងៗទៀត៕

(ប្រភព TASS: បកប្រែដោយលោក មាស សំអុល)