លោក មូន ចេញដំណើរទៅកាន់ប្រទេសចិន ដើម្បីជួបប្រជុំជាមួយលោក ស៊ី  លោក អាបេ នឹងចូលរួមកិច្ចប្រជុំត្រីភាគី

AKP ភ្នំពេញ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ — ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេ-អ៊ីន បានធ្វើដំណើរទៅកាន់ប្រទេសចិន​នៅ​ថ្ងៃចន្ទ​ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ ដោយព្យាយាមពង្រឹងភាពជាដៃគូលើដំណើរការសន្តិភាពកូរ៉េ និងដោះស្រាយ​បញ្ហាផ្សេងៗទៀត។

លោក មូន កំពុងស្ថិតនៅទីក្រុងប៉េកាំង សម្រាប់ជំនួបកំពូលជាមួយលោក ស៊ី​ នៅតាម​ផ្លូវទៅកាន់ទីក្រុងឆេងឌូ (Chengdu)ភាគនិរតី ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលត្រីភាគីប្រចាំឆ្នាំ​ក្នុង​ចំណោមប្រទេសអាស៊ីភាគឦសានទាំងបីនេះ។

វាជាកិច្ចពិភាក្សាលើកដំបូងរបស់ពួកគេ ក្នុងរយៈពេលកន្លះឆ្នាំ បន្ទាប់ពីសម័យប្រជុំមុន ដែលបានធ្វើឡើងនៅទីក្រុងអូសាកា ប្រទេសជប៉ុននៅខាងក្រៅនៃកិច្ចប្រជុំក្រុម២០(G20)។

សាររបស់លោក ស៊ី ស្តីពីបញ្ហាកូរ៉េខាងជើងកំពុងទាក់ទាញការយកចិត្តទុកដាក់ ជាពិសេសនៅពេលទីក្រុងព្យុងយ៉ាង កំពុងគំរាមដកខ្លួនចេញពីកិច្ចចរចានុយក្លេអ៊ែរ ជាមួយទីក្រុងវ៉ាស៊ីនតោននោះ។

កូរ៉េខាងជើងបានកំណត់កាលបរិច្ឆេទនៅចុងឆ្នាំនេះ សម្រាប់រដ្ឋបាលរបស់ប្រធានា​ធិបតី​​អាមេរិក​លោក ​​ដូណាល់ ត្រាំ ដើម្បីធ្វើសម្បទាន។ កូរ៉េខាងជើង​បានគេប្រកាសកាល​ពីថ្ងៃ​អាទិត្យថា ខ្លួនបានសម្រេចចិត្តពង្រឹងសមត្ថភាពយោធារបស់ខ្លួនក្នុងអំឡុងកិច្ចប្រជុំកាល​ពី​​ពេល​ថ្មីៗនេះ​សម្រាប់គណៈកម្មាធិការយោធាមជ្ឈិមនៃគណបក្សកម្មករ​ ក្រោមអធិបតីភាព មេដឹក​នាំលោក គីម ជុង-អ៊ុន។

សេចក្តីថ្លែងការណ៍របស់ប្រទេសកុម្មុយនីស្តដ៏ស្ងាត់ស្ងៀមមួយនេះ បានធ្វើឡើងចំពេល​មានការព្រួយបារម្ភថា វាអាចនឹងបាញ់សាកល្បងកាំជ្រួចរយៈចម្ងាយមធ្យម ឬ មីស៊ីលផ្លោង​អន្តរ​ទ្វីបក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។

លោក ស៊ី អាចនឹងលើកឡើងពីបញ្ហារសើបនៃប្រព័ន្ធការពារមីស៊ីលអាមេរិក THAAD នៅ​កូរ៉េខាងត្បូង។

លោក មូន ត្រូវបានគេរំពឹងថា នឹងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល​លោក​ដើម្បីអភិវឌ្ឍន៍ចំណងទាក់ទងសេអ៊ូល-ប៉េកាំងបន្ថែមទៀត។

បន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់ជាមួយលោក ស៊ី លោក មូន នឹងចេញដំណើរទៅ​ទីក្រុង​ឆេនឌូ​ដែលជារដ្ឋធានីនៃខេត្តស៊ីឈួន។ វាជាកន្លែងសម្រាប់កិច្ចប្រជុំកំពូល​ក្រុម នៃ​ប្រទេសកូរ៉េខាងត្បូង ចិន និង ជប៉ុននៅឆ្នាំនេះ។

លោក លី កេឈាង នាយករដ្ឋមន្រ្តីចិន នឹងធ្វើជាម្ចាស់ផ្ទះនៃសម័យប្រជុំនេះ ដែល​លោក ​អាបេ នឹងចូលរួមផងដែរ៕

(ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល)