កម្ពុជា​គ្រោងបញ្ជូនមន្ត្រីជាច្រើននាក់ទៅសិក្សាជំនាញ​កោសល្យវិច្ច័យគ្រប់ប្រភេទនៅប្រទេស​ឥណ្ឌា

​វិទ្យុជាតិកម្ពុជា​អត្ថបទ​៖​ ជួន​ បូណា​

MC៖កម្ពុជា​គ្រោងបញ្ជូនមន្ត្រីនគរបាលជាច្រើននាក់ទៅសិក្សាជំនាញកោសល្យវិច្ច័យ​គ្រប់ប្រភេទនៅប្រទេស​ឥណ្ឌា​
ដើម្បីលើកកម្ពស់សមត្ថភាពនគរបាលកម្ពុជាឲ្យកាន់តែល្អប្រសើរលើជំនាញទាំងនេះ។

ក្នុងដំណើរមាតុភូមិនិវត្តន៍​មកប្រទេសកម្ពុជា​វិញ​ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានបញ្ជាក់ថា​ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌាក្នុងរយៈពេល៥ថ្ងៃមកនេះ បណ្ឌិត្យសភាទទួលបានអត្ថប្រយោជន៍ជាច្រើន​ ដូច​ជា​ ការពង្រីកកិច្ចសហប្រតិបត្តិការការអន្តរជាតិបន្ថែមទៀត ជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តកោសល្យវិច័យហ្គូចារ៉ាត ដែលជាសាកលវិទ្យាល័យលំដាប់ពិភពលោកលេខ១លើជំនាញឯកទេសវិទ្យាសាស្រ្ត កោសល្យវិច្ច័យដើម្បីធ្វើជាដៃគូសហប្រតិបត្តិការយូរអង្វែង និងការចុះអនុស្សរណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យនេះ ដើម្បីផ្លាស់ប្តូរគណៈប្រតិភូ សាស្រ្តាចារ្យ គ្រូបង្រៀន មន្រ្តីស្រាវជ្រាវ និស្សិត សិក្ខាកាម ក្នុងការនាំមកនូវបច្ចេកវិទ្យាថ្មីៗទាក់ទងនឹងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ និងការអប់រំបណ្តុះបណ្តាលនគរបាល។
ឯកឧត្ដម​បានបញ្ជាក់ទៀតថា​ ក្នុងដំណាក់ដំបូង រដ្ឋាភិបាលឥណ្ឌាយល់ព្រមទទួលគ្រូបង្គោលនគរបាលចំនួន២០រូប មកទទួលការបណ្ដុះបណ្ដាលរយៈពេល ៦ខែ លើជំនាញសំខាន់ៗចំនួន ៩ រួមមាន៖ទី១. ​ជំនាញសន្តិសុខតាមប្រព័ន្ធបច្ចេកវិទ្យា​ទី ២.​ជំនាញស៊ើបអង្កេតបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា​ទី ៣.​ជំនាញកោសល្យវិច្ច័យឌីជីថល​ទី ៤.​ជំនាញកោសល្យវិច្ច័យគ្រឿងផ្ទុះ​ទី ៥.​ជំនាញកោសល្យវិច័យគ្រឿងញៀន​ ទី៦.​ជំនាញកោសល្យវិច្ច័យវេជ្ជសាស្ត្រនិងចំណីអាហារ​ ទី៧.​ជំនាញកោសល្យវិច័យអត្តចរិតបុគ្គល​ ទី៨.​ជំនាញកោសល្យវិច័ចិត្តសាស្ត្រ និង​ទី៩.​ជំនាញកោសល្យវិច្ច័យរូបភាព សម្ដីនិយាយ ឯកសារ ហត្ថលេខា និង ខ្ចៅដៃ។

សូមបញ្ជាក់ថា ការជំរុញការបណ្ដុះបណ្ដាលនគរបាល ជាពិសេសផ្ដោតសំខាន់លើ វិទ្យាសាស្រ្តកោសល្យវិច្ច័យគ្រប់ប្រភេទ សន្តិសុខតាមប្រព័ន្ធពត៌មានវិទ្យា និងការស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យា ដែលជាជំនាញសំខាន់ៗចាំបាច់សម្រាប់មន្រ្តីនគរបាល ក្នុងការស្រាវជ្រាវនិងស៊ើបអង្កេតបទល្មើសនានានៅកម្ពុជា៕