ក្រសួងអភិវឌ្ឍជនបទជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៅខេត្តស្ទឹងត្រែងបង្កើនការ រៀបចំប្រព័ន្ធសេវាទឹកស្អាត

វិទ្យុជាតិកម្ពុជា ដោយលោកអ៊ានគឹមហឿន ខេត្តស្ទឹងត្រែង

M.C ក្រសួងអភិវឌ្ឍជនបទជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៅខេត្តស្ទឹងត្រែង កិច្ចសហការជាមួយអង្គការដៃគូបង្កើនបន្ថែម រៀបចំប្រព័ន្ធសេវាទឹកស្អាតឱ្យទៅដល់បណ្តា ភូមិឃុំនៅទីជនបទដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រ របស់ រាជរដ្ឋាភិបាលនៅឆ្នាំ២០២៥មានទឹកស្អាតប្រើប្រាស់គ្រប់គ្រួសារ។
ក្នុងពិធីសម្ពោធដាក់ដំណើរការស្ថានីយ៍ផលិតទឹកប៊ីដុង សហគមន៍នៅឃុំអូរស្វាយស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា៖នៅពេលមានទឹកស្អាតប្រើប្រាស់ប្រជាពលរដ្ឋយើងមានសុខភាពល្អជីវភាពរស់នៅមានភាពរីកចំរើន ដូចនេះគ្រប់ស្ថាប័នពាក់ព័ន្ធនិងអង្គការដៃគូ រួមគ្នាស្ថាបនាប្រព័ន្ធទឹកស្អាតឱ្យបានទៅដល់មូលដ្ឋានទីជនបទ។

ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖អាជ្ញាធរខេត្តគាំទ្រយ៉ាងសកម្មគ្រប់សកម្មភាពដែលអង្កការដៃគូរ បានចូលមកអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ជាពិសេសអង្កការ (ភ្លែន) កំពុងអនុវត្តផែនការ អភិវឌ្ឍន៍សហគមន៍ និងសេវាទឹកស្អាត ជាក់ស្តែងនៅថ្ងៃនេះ យើងបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវចំពោះមុខ បងប្អូនប្រជាពលរដ្ឋ ។

លោក យី គឹមផាន នាយករងប្រចាំប្រទេសរបស់អង្កការ( ភ្លែន )អន្តរជាតិកម្ពុជា បានបញ្ជាក់ថាៈ នេះជាសមទ្ធិផលមួយទៀត ផ្តើមចេញពីកិច្ចសហការរវាងអាជ្ញាធរនិង អង្កការដៃគូរ បង្កើតបាននូវ ស្ថានីយ៍ផលិតទឹកប៊ីដុងសហគមន័សំរាប់ចែកចាយ បងប្អូនប្រើប្រាស់ ក្នុងតម្លៃទាប ដែលបានគិតគូរពីសុខភាពរស់នៅ ជាពិសេសសុខភាពកុមារ នៅតាមសាលារៀននិងមណ្ឌលសុខភាព ដោយខាងអង្គការផ្តល់ជូនសម្រាប់បរិភោគមិនយកប្រាក់។

លោកស្រី អ៊ុន ណាន ប្រជាពលរដ្ឋនៅភូមិ ឃុំ អូរស្វាយសាទរទទួលបានសមទ្ធិផលថ្មីនៅក្នុងសហគមន៍ ព្រោះយើងមានទឹកស្អាតប្រើប្រាស់ប្រចាំគ្រួសារ ចំណាយថវិកាតិច ដែលជាចំណែកមួយបានជួយកាត់បន្ថយការចំណាយថវិកាក្នុងគ្រួសារផង ហើយកូនចៅបានទឹកស្អាតបរិភោគ ក៏មានសុខភាពល្អ ជៀសវាងបានពីការកើតជំងឺឈឺថ្កាត់ផ្សេងៗ ។
សូមបញ្ជាក់ថា៖ ខេត្តស្ទឹងត្រែងក្រៅពីទីប្រជុំជន ក្រុង មានឃុំចំនួន៩ ហើយ មានប្រព័ន្ធទឹកស្អាតប្រើប្រាស់ គិតជាភាគរយស្មើនឹង៦៦.២៧% ហើយនៅឆ្នាំ២០២០នេះអង្កការភ្លែននិងបន្តជួយស្ថាបនាស្ថានីយទឹកស្អាតនៅស្រុកថាឡាបរិវ៉ាត់បន្ថែមទៀត៕