រដ្ឋមន្ត្រីក្រសួងព័ត៌មាន វាយតម្លៃខ្ពស់​ចំពោះក្រុមហ៊ុនជីបម៉ុងគ្រុប ដែលបា​នចូលរួមជួយសង្គមយ៉ាងច្រើន

វិទ្យុជាតិកម្ពុជា​អត្ថបទ​៖ជួន​ បូណា​ និងរតនៈ
MC៖រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានវាយតម្លៃខ្ពស់​ចំពោះក្រុមហ៊ុនជីបម៉ុងគ្រុប ដែលបា​នចូលរួមជួយសង្គមយ៉ាងច្រើន​ ជាពិសេស​បង្កើតឱកាសការងារឲ្យកូនខ្មែរមានការងារធ្វើបន្ថែមទៀតផង។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកោតសរសើរ​ក្រុមហ៊ុនជីបម៉ុងគ្រុបថា បានជួយផ្នែកមនុស្សធម៌យ៉ាងច្រើន​ ដូចជាឧបត្ថមដល់មន្ទីពេទ្យ​ និងឧបត្ថម​ដល់ប្រជាពលរដ្ឋកំពុងជួបការខ្វះខាត​គ្មាន​ទីពឹ​ង​ ជនរងគ្រោះ​ផ្សេងៗ​ និងផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជាជាច្រើន។
ម្យ៉ាង​វិញ​ទៀត​ បានបង្កើតការងារជូនដល់ប្រជាពលរដ្ឋ ដើម្បីលើកស្ទួយជីវភាពក្នុងគ្រួសារកាន់តែមានភាពល្អប្រសើរ។
ថ្លែងក្នុងកម្មវិធី ស្វាគមន៏អ្នកសារព័ត៌មាន នៅរោងចក្រស្រាបៀរកម្ពុជា កាលពីល្ងាចថ្ងៃទី ២០​ ខែធ្នូ​ឆ្នាំ២០១៩ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ ក្នុងរាជធានី​ភ្នំពេញ​ ឯកឧត្តម​រដ្ឋមន្រ្តីបានបញ្ជាក់ថា​ ការចូលរួម​ចំណែកលើការងារមនុស្សធម៌​នេះ​ គឺពិតជាបានដើរតួនាទីយ៉ាងសំខាន់​ ដើម្បីចូលរួមជាមួយរាជរដ្ឋភិបាល​ក្នុងការអភិវឌ្ឍប្រទេសជាតិ។

លោក អ៊ឹម សុធារិទ្ធ នាយកផ្នែកធនធានមនុស្ស និងទំនាក់ទំនងក្រុមហ៊ុនជីបម៉ុងគ្រុប បានលើកឡើងថា សព្វថ្ងៃ គ្រាន់តែរោងចក្រស្រាបៀរកម្ពុជា បានបង្កើតការងារដល់ប្រជាពលរដ្ឋ​រាប់ពាន់នាក់​ ជួយបណ្តុះបណ្តាលផ្តល់ចំណេះដឹង ជូនបុគ្គលិក ជូនកម្មករ លើផ្នែកបច្ចេកទេស និងផ្នែកការងារគ្រប់គ្រង់បន្ថែមទៀត ដើម្បី ឲ្យបងប្អូនទទួលបានចំណេះជំនាញពិត និងមានបទពិសោធន៏ សម្រាប់បន្តវេនការងារនេះទៅថ្ងៃខាងមុខ។
លោក នាយកផ្នែកធនធានមនុស្សបន្តថា ក្រៅពីផ្តល់ការងារជូនប្រជាពលរដ្ឋ​ ក៏បានបរិច្ចាកជួយដល់សង្គមជាច្រើន ដូចជាជួយសាងសង់ សាលាស្អាត នៅគ្រប់ទីកន្លែង មានរថយន្តពន្លត់អគ្គីភ័យឥតគិតថ្ងៃ មានឡានសំអាតផ្លូវ ជួយផ្តល់អាហារូបករណ៍រាប់ ពាន់នាក់ដល់និស្សិត តាមរយៈសហគមន៍ទាំង២៥-រាជធានៅខេត្ត ពិសេស បានបរិច្ចាកជួយមន្ទីរ ពេទ្យគន្ធបុប្ផា និងជួយសាងសង់ផ្លូវគមនាគមន៍ផងដែរ។
គួរំលឹកថា​ នេះជាឆ្នាំទី៣ហើយ ដែលរោងចក្រស្រាបៀរកម្ពុជា បានអញ្ជើញ អ្នកសារព័ត៌ជួបជុំគ្នា ដើម្បី បង្កើនភាពស្និតស្នាលបានស្គាល់គ្នាកាន់តែច្រើន និងបានស្គាល់អំពី ស្នាដៃនៃផលិតផលរបស់ខ្មែរពិតបាកដ៕