ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកំលាំងគ្រប់លំដាប់ថ្នាក់ អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម យឹម សេត ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានប៉ៃលិន

(ប៉ៃលិន)៖នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ឯកឧត្តម កើត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្ត ព្រមទាំង ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកំលាំងគ្រប់លំដាប់ថ្នាក់ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម យឹម សេត ទីប្រឹក្សាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតសមាជិក ព្រឹទ្ធសភានីតិកាលទី៣ នៃព្រឹទ្ធសភា បានទទួលមរណភាពកាលពីថ្ងៃ ព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៥:២៤ នាទីរសៀល ក្នុង ជន្មាយុ ៦៩ ឆ្នាំ ដោយរោគគាពាធ ដែលពិធីបុណ្យនេះប្រារព្ធនៅគេដ្ឋានរបស់ឯកឧត្តមយឹម សេត ផ្ទាល់ ស្ថិតនៅក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ក្នុងឱកាសទុក្ខដ៏កៀមក្រំនេះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកំលាំងគ្រប់លំដាប់ថ្នាក់ក្នុងខេត្តប៉ៃលិនទាំងអស់សូមសម្តែងនូវមរណទុក្ខដោយក្តី សោកស្តាយ អាឡោះអាល័យជាទីបំផុត ជាមួយ លោកជំទាវ  និងក្រុមគ្រួសារសព ចំពោះការ ទទួលមរណភាព របស់ ឯកឧត្តម យឹម សេត  ដែលជាឧត្តមស្វាមី ឳពុក ជីតា ប្រកបដោយ ព្រហ្មវិហារធម៌ ។ ការទទួល រមណភាពរបស់ ឯកឧត្តម គឺជាការបាត់បង់អ្នកស្នេហាជាតិ ដែល បានលះបង់កម្លាំងកាយចិត្ត បញ្ញា ស្មារតី ចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យមាន ការរីកចម្រើនលើគ្រប់វិស័យ ។ដូច្នេះសូមបួងសួងឲ្យវិញ្ញណក្ខន្ធរបស់ឯកឧត្តមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ក្នុងឱកាសនោះឯកឧត្តម ផាន់ ចាន់ថុល អភិបាលខេត្តប៉ៃលិនក៏បានឧបត្ថម្ភថវិកាចំនួន១លានរៀលដើម្បីចូលរួមបុណ្យសពផងដែរ៕

អត្ថបទលោក គួន ធិ