មន្ត្រីកាំកុងត្រូលក្រើនរំឭកដល់អាជីវកររក្សាឲ្យបាននូវសុវត្ថិភាពចំណីអាហារ

វិទ្យុជាតិកម្ពុជា ៖ វ៉ាង ភក្តី
MC: មន្ត្រីកាំកុងត្រូល បានក្រើនរំឭកដល់អាជីវករទាំងអស់ ត្រូវរក្សាឲ្យបាននូវសុវត្ថិភាព ចំណី អាហារ ដោយជៀសវាងដាច់ខាតចំពោះការដាក់ សារ ធាតុ គីមី ហាម ឃាត់ក្នុងចំណីអាហារ និង លក់ ផលិតផលខូចគុណភាព និងផុតកាលកំណត់ ដែល ធ្វើឲ្យប៉ះ ពាល់ ដល់ សុខភាពរបស់អ្នកបរិភោគ។
លោក ប៊ុន ចំរើន ប្រធានសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ នៃអគ្គនាយកដ្ឋាន កាំ កុង របស់ ក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា រាល់ទំនិញប្រទេសចំណី អាហារ ទាំងអស់ ដែល ចរាចរណ៍ នៅលើទៅផ្សារត្រូវតែរក្សាបាននូវអនាម័យ និងមិនត្រូវដាក់ សារ ធាតុ គីមី ហាម ឃាត់ដែល ធ្វើ ឲ្យ ប៉ះ ពាល់ ដល់ សុខភាពរបស់ប្រជាពលរដ្ឋនោះឡើយ។
ការណែនាំនេះ ធ្វើឡើងក្នុងឱកាសកម្លាំងជំនាញ ជាមួយរថយន្ត មន្ទីរ ពិសោធន៍ ចល័ត ចុះទៅ ពិនិត្យ និងស្រាវជ្រាវរកទំនិញ ម្ហូបអាហារ និងបន្លែដែលត្រូវបានដាក់ លក់នៅតាម ផ្សារ ក្នុង រាជធានី ភ្នំពេញ មានដូចជា ផ្សារច្បារអំពៅ ផ្សារបន្លែ ផ្សារព្រែកឯង ផ្សារព្រែកប្រា និង ផ្សារ ចំពុះ ក្អែក នៅព្រឹក ថ្ងៃទី ២០ ខែធ្នូនេះ សំដៅ បង្កើនជំនឿទុកចិត្តដល់ អ្នកបរិភោគ ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយសកម្មភាពចុះពិនិត្យ និងស្រាវជ្រាវនេះ លោក ប៊ុន ចំរើន បាន ឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ ក្រុមជំនាញបានធ្វើតេស្តទៅ លើគំរូ ទំនិញ និងបន្លែ ចំនួន ៨៦មុខ មាន ដូចជា៖ គ្រឿងសមុទ្រ នំបញ្ចុក បន្លែ ត្រី សាច់ គុយទាវសរ សៃ តូច ប្រហិត និងជ្រក់ គ្រប់ មុខ ជាដើម ដោយលទ្ធផលពុំត្រូវបានឃើញមានទំនិញខូចគុណភាព និង មាន សារ ធាតុគីមី ហាម ឃាត់ និង ក្លែងបន្លំស្លាកសញ្ញា និងផុតកំណត់កាល បរិច្ឆេទ ដែលធ្វើ ឲ្យ ប៉ះពាល់ដល់ សុខភាព របស់ ប្រជា ពល រដ្ឋនោះឡើយ។ លោកបន្តថា សម្រាប់យុទ្ធនាការពេញ១ឆ្នាំ ២០១៩នេះ ក្រុមជំនាញរបស់ លោក រកពុំ ឃើញ មានបទល្មើសណាមួយជាធំដុំដូច បណ្តាឆ្នាំ កន្លងទៅ នោះ ឡើយ ដែលលទ្ធផលជា វិជ្ជមាន នេះ ដោយសារក្រុមមន្ត្រីកាំកុងត្រូលចុះជាប្រចាំ គួបផ្សំនឹង អាជីវករ មាន ការ យល់ ដឹងច្រើន ពី បញ្ហា សុខ ភាព និងសុវត្ថិភាពចំណីអាហារ។ ទោះជាយ៉ាងនេះក្តី លោក អះអាងថា ក្រុមការ ងារ ចុះ អង្កេត និងត្រួតពិនិត្យទំនិញ នៅលើទី ផ្សារ នៅតែបន្តចុះអនុវត្តឲ្យកាន់តែសកម្ម សំដៅ បង្កើន ជំនឿ ទុក ចិត្ត និងការពារសុខុមាលភាពរបស់ ប្រជាពល រដ្ឋនៅទូទាំងប្រទេស ពិសេសចូល រួម ទប់ ស្កាត់ និង ជួយ បង្ការ នូវជំងឺផ្សេងៗ ដែលបណ្តាល មក ពីការបរិភោគចំណី អាហារមានមេរោគ ចម្លង និង លាយ សារ ធាតុគីមី ពុលនៅក្នុងនោះ។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានកាំកុងនៃក្រសួងពាណិជ្ជកម្ម តែងតែជំរុញឲ្យសាខាកាំកុង ត្រូល ទាំង អស់ចុះធ្វើសកម្មភាពនៅតាមបណ្តាផ្សារនៅទូទាំងប្រទេស ដើម្បីត្រួតពិនិត្យ ស្រាវជ្រាវ និង ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ទំនិញផុតកំណត់កាល បរិច្ឆេទ ប្រើប្រាស់ និងទំនិញផ្ទុកសារធាតុគីមីហាមឃាត់ ដើម្បីធានា ដល់សុខភាព ប្រជាពលរដ្ឋ ៕