ចិននឹងមិនអនុញ្ញាតឱ្យកម្លាំងបរទេសណាចូលជ្រៀតជ្រែកក្នុងទីក្រុងហុងនិងម៉ាកាវជាដាច់ខាត

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង

ថ្លែងនៅក្នុងពិធីប្រារព្ធខួបលើកទី ២០ នៃការប្រគល់ទីក្រុងម៉ាកាវពីប៉ទុយហ្គាល់ឲ្យមកនៅក្រោមការត្រួតត្រារបស់ចិនវិញនៅថ្ងៃសុក្រទី២០ ខែធ្នូនេះ លោក ស៊ី ជីនពីង ប្រធានាធិបតីចិនបានប្តេជ្ញាថា ប្រទេសចិននឹងមិនអនុញ្ញាតឱ្យកម្លាំងបរទេសជ្រៀតជ្រែកចូលក្នុងតំបន់ពិសេសរបស់ខ្លួនគឺហុងកុងនិងម៉ាកាវជាដាច់ខាត។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ ២០១៩។
ក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ហូ យ៉ាត់សេង ជានាយកប្រតិបត្តិថ្មីនៃក្រុងម៉ាកាវ នៅថ្ងៃសុក្រនេះលោកស៊ីបានបញ្ជាក់ជំហររបស់ចិនថា ចាប់តាំងពីហុងកុងនិងម៉ាកាវបានវិលត្រឡប់មកមាតុភូមិវិញ ពោលគឺក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលក្រុងប៉េកាំង ការដោះស្រាយជាមួយកិច្ចការតំបន់រដ្ឋបាលពិសេសទាំងពីរនេះគឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនទាំងស្រុង ហើយមិនមែនជារឿងរបស់កម្លាំងបរទេសណាមួយឡើយ ហើយមិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅណាមួយជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ចិនជាដាច់ខាត។
សូមរម្លឹកផងដែរថា ម៉ាកាវបានវិលត្រឡប់ទៅកាន់ការគ្រប់គ្រងរបស់ចិនវិញនៅថ្ងៃទី ២០ ខែធ្នូឆ្នាំ ១៩៩៩ ដោយមានរូបមន្ត“ ប្រទេសតែមួយប្រព័ន្ធដឹកនាំពីរ” សំដៅថែរក្សាការពារស្វយ័តភាពដូចការគ្រប់គ្រងទីក្រុងហុងកុងដែរ៕
ប្រភព៖សារព័ត៌មាន Channel News Asia