សហគមន៍ពឹងអាស្រ័យនឹងព្រៃឈើ និងក្រសួងបរិស្ថានចុះកិច្ចព្រមព្រៀងក្នុងការប្តេជ្ញាចិត្តការពារធនធានធម្មជាតិក្នុងទេសភាពខ្ពង់រាបខាងកើត

វិទ្យុជាតិកម្ពុជា ៖ វ៉ាង ភក្តី ២០ ១២ ២០១៩

MC: សមាជិកតំបន់ការពារធម្មជាតិប្រមាណជា ១២៨០៤នាក់ ទទួលបានសិទ្ធិស្របច្បាប់ពេញលេញក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាពបន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតំបន់ការពារធម្មជាតិជាមួយក្រសួងបរិស្ថាន។

ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិជាមួយនិងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន
នៃក្រសួងបរិស្ថាន ធ្វើឡើងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ដោយមានតំណាងសហគមន៍មកពីសហគមន៍តំបន់ការពារធម្មជាតិចំនួន ១២ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ស្រែពក និងកែវសីមា ក្នុងខេត្តមណ្ឌលគិរី។

លោក ប្រោយ ខ្វើក ប្រធានសហគមន៍តំបន់ការពារត្រពាំងក្អើមបាននិយាយថា៖ “ការដើរល្បាត មានសារសំខាន់សម្រាប់ខ្ញុំណាស់ព្រោះធនធានព្រៃឈើជាឆ្នាំងបាយរបស់ប្រជាជនសហគមន៍ទាំងអស់ ទាំងជំនាន់បច្ចុប្បន្ននិងជំនាន់ក្រោយៗទៀត។“ បច្ចុប្បន្ននេះ មានសមាជិកក្រុមល្បាតសហគមន៍សរុបចំនួន ៥៧៧ នាក់ កំពុងចូលរួមយ៉ាងសកម្មក្នុងការការពារព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច
និងស្រែពក។

អង្គការ WWF-កម្ពុជា បានគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអង្គការដៃគូនានា ក្នុងការរៀបចំ និងជួយពង្រឹងសហគមន៍តំបន់ការពារធម្មជាតិទាំងនេះ តាមរយៈការជួយអន្តរាគមន៍ទប់ស្កាត់បទល្មើសនានា ជួយ សម្របសម្រួលរៀបចំចងក្រងរចនាសម្ព័ន្ធ
លក្ខន្តិកៈសហគមន៍ ជួយវាយតម្លៃលើធនធានដែលមានក្នុងតំបន់ និងកំណត់ព្រំសីមា ជួយរៀបចំផែនការគ្រប់គ្រងតំបន់សហគមន៍ ផ្តល់សម្ភារៈ ឧបករណ៍ចំបាច់សម្រាប់ការគ្រប់គ្រង និងការកែឆ្នៃផលអនុផលព្រៃឈើ
ផ្តល់ការបណ្តុះបណ្តាលសមត្ថភាពលើជំនាញជាច្រើន ដល់សមាជិកសហគមន៍ ផ្តល់ការគាំទ្រហិរញ្ញប្បទានខ្នាតតូចជូនសហគមន៍នីមួយៗ សម្រាប់ការអនុវត្តផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ។

លោក សេង ទៀក នាយកអង្គការ
WWF-កម្ពុជា បានមានប្រសាសន៍ថា៖ “គោលបំណងសំខាន់នៃការបង្កើតសហគមន៍តំបន់ការពារធម្មជាតិ គឺដើម្បីជួយពង្រឹងនិងបង្កើនប្រសិទ្ធិភាពគ្រប់គ្រងធនធានព្រៃឈើ ជីវៈចម្រុះ និងសត្វព្រៃ ក្នុងតំបន់ការពារធម្មជាតិ និងទទួលស្គាល់សិទ្ធិជាម្ចាស់និងតួនាទីស្របច្បាប់លើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ធនធានរួមរបស់សហគមន៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់។”

លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា៖ “ក្រសួងបរិស្ថានសូមសម្តែងនូវការគាំទ្រ និងចូលរួមយ៉ាងសកម្មជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត នៅក្នុងដំណើរការរៀបចំ និងអនុវត្តការគ្រប់គ្រងធនធានធម្មជាតិដោយសហគមន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សហគមន៍មូលដ្ឋាន គឺជាកម្លាំងចលករមួយដែលបានរួមចំណែកយ៉ាងសកម្មក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព ព្រោះថាសហគមន៍មូលដ្ឋានគឺជាអ្នកដែលរស់នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិ ដោយពឹងអាស្រ័យដោយផ្ទាល់លើធនធានធម្មជាតិក្នុងការទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃសម្រាប់រយៈពេលយូរអង្វែង។”

សូមបញ្ជាក់ថា សហគមន៍តំបន់ការពារធម្មជាតិដែលទើបប្រកាសទទួលស្គាល់នេះ មានចំនួន១២សហគមន៍ គ្របដណ្ដប់លើផ្ទៃដីព្រៃឈើទំហំ ៤៤.១៣៩ ហិកតា ហើយមានសមាជិកសហគមន៍ប្រមាណជា ១២.៨០៤ នាក់ (៤៦% ជាស្ត្រី) នឹងទទួលបានសិទ្ធិស្របច្បាប់ពេញលេញ ភាពជាម្ចាស់ និងទំនួលខុសត្រូវ ក្នុងការគ្រប់គ្រងធនធាន
ធម្មជាតិប្រកបដោយនិរន្តរភាពនៅក្នុងសហគមន៍របស់ខ្លួន។ ពួកគាត់ អាចរៀបចំបង្កើត និងអនុវត្តផែនការសម្រាប់ការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងតំបន់សហគមន៍ និងអាចប្រើប្រាស់ធនធានទាំងនេះប្រកបដោយចីរភាព ដូចជាការទាញផលអនុផលព្រៃឈើ (NTFPs) និងអេកូទេសចរណ៍ ដោយផ្អែកលើច្បាប់តំបន់ការពារ។ ការរៀបចំសហគមន៍តំបន់ការពារធម្មជាតិ មានការចូលរួមចំណែកគាំទ្រដោយសហភាពអឺរ៉ុប (EU) ទីភ្នាក់ងារសហរដ្ឋអាមេរិក USAID ជំនួយប្រទេសអាឡឺម៉ង់ BMZ GEF និងកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ UN Environment តាមរយៈគម្រោងកាំប៉ាស់ (CAMPAS)។

ក្រៅពីការទាញផលអនុផលព្រៃឈើសម្រាប់ប្រើប្រាស់ក្នុងសហគមន៍ និងការចិញ្ចឹមជីវិត សមាជិកសហគមន៍តំបន់ការពារធម្មជាតិ ក៏បានសហការជាមួយមន្រ្តីអនុវត្តច្បាប់របស់ក្រសួងបរិស្ថាននិងអាជ្ញាធរដែនដី ដើម្បីដើរល្បាតព្រៃ ទប់ស្កាត់បទល្មើសព្រៃឈើ និងប្រមូលអន្ទាក់សត្វព្រៃនៅក្នុងតំបន់របស់សហគមន៍តំបន់ការពាររបស់ពួកគាត់ផងដែរ៕