លោក មូន ចូលរួមកិច្ចប្រជុំកំពូលជាមួយលោក ស៊ី នៅថ្ងៃចន្ទ ស្របពេលដែលមានការជាប់គាំងកិច្ចពិភាក្សានុយក្លេអ៊ែរកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៩​ — កាលពីថ្ងៃព្រហស្បតិ៍ មន្រ្តីកូរ៉េខាងត្បូងបាននិយាយថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នឹងចូលរួមកិច្ចប្រជុំកំពូលមួយជាមួយសមភាគីចិនរបស់លោក គឺលោក ស៊ី ជិនពីង នៅសប្តាហ៍ក្រោយ ក្នុងអំឡុងពេលដែលលោកធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន សម្រាប់កិច្ចពិភាក្សាត្រីភាគីប្រចាំឆ្នាំជាមួយមេដឹកនាំចិន និងជប៉ុន។

កិច្ចប្រជុំកំពូលរវាងលោក មូន និងលោក ស៊ី ដែលគ្រោងធ្វើនៅថ្ងៃចន្ទខាងមុខនេះនៅទីក្រុងប៉េកាំង បានកើតឡើងស្របពេលដែល កូរ៉េខាងជើងកំពុងដាក់សម្ពាធលើសហរដ្ឋអាមេរិកឱ្យផ្តល់សម្បទាននៅក្នុងកិច្ចចរចានុយក្លេអ៊ែរដែលកំពុងជាប់គាំងរបស់ពួកគេនៅចុងឆ្នាំនេះ។

អ្នកនាំពាក្យរងរបស់ Cheong Wa Dae លោក Han Jung-woo បាននិយាយប្រាប់អ្នកសារព័ត៌មានថា «មេដឹកនាំទាំងពីរគ្រោងនឹងពិភាក្សាគ្នាអំពីវិធីដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងរវាងកូរ៉េ – ចិន នឹងជំរុញកិច្ច សហប្រតិបត្តិការទ្វេភាគី ព្រមទាំងធ្វើការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅអំពីស្ថានភាពនៅឧបទ្វីបកូរ៉េផងដែរ»។

បន្ទាប់ពីជំនួបជាមួយលោក ស៊ី លោក មូន នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Chengdu ភាគនិរតីនៃប្រទេសចិននៅថ្ងៃចន្ទ និងថ្ងៃអង្គារ ដើម្បីចូលរួមកិច្ចពិភាក្សាកំពូលបីផ្លូវ ជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង និងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ។

លោក មូន អាចអំពាវនាវដល់ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តសេដ្ឋកិច្ច ដែលនៅសេសសល់របស់ កូរ៉េខាងជើងឱ្យដើរតួនាទីក្នុងការជំរុញកូរ៉េខាងជើងឱ្យត្រឡប់មករកតុចរចាវិញ ជាមួយសហរដ្ឋអាមេរិកជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

កូរ៉េខាងជើងបានគំរាមចាត់វិធានការថ្មី ប្រសិនបើសហរដ្ឋអាមេរិកមិនផ្តល់សម្បទានដោយឱសានវាទចុងឆ្នាំរបស់កូរ៉េខាងជើងនោះទេ។

ភាពតានតឹងនៅឧបទ្វីបកូរ៉េកំពុងកើនឡើងស្របពេលដែលមានការសង្ស័យថា កូរ៉េខាងជើងអាចធ្វើតេស្តមីស៊ីលរយៈចម្ងាយឆ្ងាយជា «អំណោយបុណ្យណូអែល» ដែលមិនចង់បានសម្រាប់សហរដ្ឋអាមេរិក៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)