វៀតណាមចូលរួមវេទិកាជនភៀសខ្លួនសកលលោកនៅទីក្រុងហ្សឺណែវ

AKP ភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩​ — ឯកអគ្គរដ្ឋទូតវៀតណាម លោក Duong Chi Dung ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវបាននិយាយថា ប្រទេសវៀតណាមបានវាយតម្លៃខ្ពស់ចំពោះតួនាទីសំខាន់របស់ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) នៅក្នុងការកសាង និងអនុវត្តន៍សន្ធិសញ្ញាជនភៀសខ្លួនសកលលោក (GCR)។

ថ្លែងទៅកាន់វេទិកាជនភៀសខ្លួនសកលលោកជាលើកដំបូងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី ១៧-១៨ ខែធ្នូ ឆ្នាំ ២០១៩ លោក Dung បាននិយាយថា ព្រឹត្តិការណ៍នេះនឹងក្លាយជាយន្តការដ៏មានប្រសិទ្ធិភាពមួយដើម្បីជួយដល់អង្គការសហប្រជាជាតិ ប្រទេសជាសមាជិក និងអ្នកពាក់ព័ន្ធក្នុងការឃ្លាំមើលការអនុវត្ត GCR ។

លោកបាននិយាយថា ប្រទេសវៀតណាមបានសន្យាចូលរួមយ៉ាងសកម្ម និងប្រកបដោយទំនួលខុសត្រូវនៅក្នុងសកម្មភាពនៃវេទិកានេះ ជាពិសេសនៅពេលដែលប្រទេសនេះទទួលបានតួនាទីជាប្រធាន អាស៊ាននៅក្នុងឆ្នាំ ២០២០​ខាងមុខ និងជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងអាណត្តិឆ្នាំ ២០២០-២០២១ ។

ឯកអគ្គរដ្ឋទូតរូបនេះបានសង្កត់ធ្ងន់ថា ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងជនភៀសខ្លួន ប្រទេសនានាត្រូវខិតខំបន្ថែមទៀតដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាព អនុវត្តន៍ដំណោះស្រាយឱ្យបានល្អដើម្បីជំរុញការកាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ទប់ស្កាត់ជម្លោះ ព្រមទាំងលើកកម្ពស់កិច្ចសន្ទនានានាផងដែរ។

លោកបាននិយាយបន្ថែមថា សហគមន៍អន្តរជាតិគួរតែជំរុញការអនុវត្តជាក់ស្តែងនៃយន្តការបែងចែកបន្ទុក និងការទទួលខុសត្រូវ និងដាក់ពង្រាយ GCR ដោយស្ម័គ្រចិត្ត ដោយផ្អែកលើសមត្ថភាព និងលក្ខខណ្ឌរបស់ប្រទេសនីមួយៗ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)