សហព័ន្ធស្រូវអង្ករកម្ពុជា អះអាងថា ស្រូវមិនមានការធ្លាក់ថ្លៃនោះទេ

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា ១៩ ១២ ១៩៖

សហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា ស្រូវមិនមានការធ្លាក់ថ្លៃនោះទេ ខណៈមានជនខិលខូចមួយចំនួនបានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកថា ស្រូវបានចុះថោកនៅតាមបណ្តាខេត្ដ​ ខណៈ​ប្រជាកសិករ​កំពុងមមាញឹកក្នុងការប្រមូលផល។
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ថា ក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវមួយចំនួន បានសហការជាមួយមន្ត្រីជំនាញ ចុះប្រមូលទិញស្រូវសែនក្រអូប ដែលបានប្រមូលផលដើមរដូវ គឺមានតម្លៃ១១៥០រៀល ទៅ១២៥០រៀលក្នុងមួយគីឡូក្រាម ។ការលើកឡើងបែបនេះរបស់លោកឧកញ៉ា ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី វិធានការរក្សាតម្លៃ សមរម្យ ក្នុងរដូវប្រមូលផលស្រូវ កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី ។លោកឧកញ៉ា បានបញ្ជាក់ថា តម្លៃ១១៥០រៀល ទៅ១២៥០រៀលក្នុងមួយគីឡូក្រាមនេះ គឺជាតម្លៃមួយសមរម្យនៅលើទីផ្សារ ដែលមិនដូចការលើកឡើងនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយចំនួន ថាស្រូវមានតម្លៃថោកនោះទេ។
លោក ម៉ាក់ សឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយអន្តរាគមន៍ ដល់កសិករដោយបានបញ្ចេញថវិកាបន្ថែមចំនួន ៥០លានដុល្លារ ក្នុងគោលដៅដើម្បីរក្សាស្ថិរភាពថ្លៃ និងប្រមូលទិញស្រូវពីកសិករ ដើម្បីស្តុកទុក កិនកែច្នៃ និងសំរាប់នាំចេញផងដែរ។
លោក បញ្ជាក់ថា ក្រសួងបានចុះអប់រំ និងណែនាំប្រជាកសិករត្រូវជ្រើរើសពូជស្រូវដែលល្អសុទ្ធ ជាពិសេសប្រភេទពូជត្រូវដែលមានតំរូវការលើទីផ្សារដើម្បីទទួលបានទិន្នផលខ្ពស់ និងលក់បានថ្លែផងដែរ៕