មន្ដ្រីជាន់ខ្ពស់ក្រសួងការបរទេស លើកឡើងថា កម្ពុជា-ឥណ្ឌូនេស៊ី បន្តពូនជ្រុំមិត្តភាពដ៏ជិតស្និទ្ធ និងខិតខំសហការជាមួយគ្នាបន្ដទៀត

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ១៩ ១២ ២០១៩ ៖

មន្ដ្រីជាន់ខ្ពស់ក្រសួងការបរទេស លើកឡើងថា កម្ពុជា-ឥណ្ឌូនេស៊ី បន្តពូនជ្រុំមិត្តភាពដ៏ជិតស្និទ្ធ និងខិតខំសហការជាមួយគ្នាបន្ថែមទៀត ដើម្បីជំរុញឲ្យមានកិច្ចសហប្រតិបត្តិការកើនឡើងលើគ្រប់វិស័យ។
ថ្លែងក្នុងពិធីបើកដំណើរការសៀវភៅ និងសិក្ខាសាលាស្តីពី « មិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី៦០ ឆ្នាំ ដំណើរឆ្ពោះទៅមុខ» នៅថ្ងៃទី១៩ ខែធ្នូឆ្នាំ២០១៩ នៅសណ្ឋាគារ Roosewood អគារវឌ្ឍនៈ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបតិ្តការអន្ដរជាតិ បានឲ្យដឹងថា ទំនាក់ទំនងសម័យទំនើបរវាងកម្ពុជា និងឥណ្ឌូនេស៊ី ត្រូវបានផ្តួចផ្តើមឡើងដោយព្រះករុណាព្រះបាទ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះមហាវីរក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបន្ទាប់ពីប្រទេសកម្ពុជាទទួលបានឯករាជ្យក្នុងឆ្នាំ១៩៥៣ ព្រះអង្គបានចាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយឯកឧត្តម Sukano ប្រធានាធិបតីដំបូងនៃសាធារណរដ្ឋឥណ្ឌូនេស៊ី។ ទំនាក់ទំនងជិតស្និទ្ធរវាងរដ្ឋបុរសដ៏អស្ចារ្យទាំងពីរ បន្ទាប់ពីជំនួបលើកដំបូង ក្នុងសន្និសីទអាស៊ី-អាហ្រិ្វក នៅទីក្រុង Bandung ក្នុងខែមេសាឆ្នាំ១៩៥៥ បានឈានដល់ការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពរវាងប្រទេសទាំងពីរ នៅថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ ១៩៥៩ ។
លោកជំទាវបន្ថែមថា ការផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់របស់ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់នៃប្រទេសទាំងពីរ ហើយថ្មីៗនេះ ទំនាក់ទំនងយ៉ាងកក់ក្តៅរវាងសម្តេចតេជោនាយករដ្ឋមន្រ្តី នៃកម្ពុជា និងឯកឧត្តមប្រធានាធិបតី ចូកូ វីដូដូ ប្រធានាធិបតី ឥណ្ឌូនេស៊ី បានបង្កើននូវចំណងទាក់ទងរវាងប្រជាជននិងប្រជាជន និងរវាងផ្នែកធុរកិច្ចប្រទេសទាំងពីរ កំពុងជំរុញឲ្យមានកិច្ចសហប្រតិបត្តិការកើនឡើងថែមទៀត ក្នុងវិស័យជាច្រើន ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អាកាសចរណ៍ វប្បធម៌ ការអភិវឌ្ឍធនធានមនុស្ស និងការពារជាតិ។
លោកជំទាវរដ្ឋលេខាធិការ បានឲ្យដឹងទៀតថា ក្នុងនាមជាប្រទេសសមាជិកគ្រួសារអាស៊ានតែមួយ កម្ពុជានិងឥណ្ឌូនេស៊ី សហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលើកតម្កើងផលប្រយោជន៍ជាតិរួមរបស់យើង ដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក ព្រមទាំងចូលរួមចំណែកទាំងអស់គ្នាសម្រាប់បុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាព នៅក្នុងតំបន់របស់យើង និងពិភពលោក។
លោកជំទាវរំលឹកថា ខួបអនុស្សាវរីយ៍៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងឥណ្ឌូនេស៊ី នៅឆ្នាំនេះ នឹងជួយពង្រឹងថែមទៀតនូវស្មារតីសាមគ្គីភាព ក៏ដូចជាធ្វើឲ្យកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាកាន់តែមាំមួន រវាងប្រជាជាតិ ទាំងពីរ ដែលស្ថាបនាឡើងលើមូលដ្ឋានគ្រឹះនៃអន្តរសកម្មភាពដែលមានស្រាប់រវាង ប្រជាជនយើងទាំងពីរ ជាយូរលង់មកហើយ។
សូមបញ្ជាក់ថា ឥណ្ឌូនេស៊ីបានដើរតួនាទីដ៏សំខាន់ជាម្ចាស់ផ្ទះរៀបចំដំណើរការចរចា ដែលឈានដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងបានចូលរួមបញ្ជូនកងកម្លាំងរក្សាសន្តិភាពជិត២ពាន់នាក់
មកកាន់កម្ពុជា ដែលជាផ្នែកមួយនៃប្រតិបត្តិការរបស់អ៊ុនតាក់ (UNTAC) នៅដើមទសវត្សឆ្នាំ១៩៩០។ ហេតុដូច្នេះ សន្តិភាពដែលអនុញ្ញាតឲ្យកម្ពុជាអាចអភិវឌ្ឍបានដូចសព្វថ្ងៃនេះ គឺមិនអាចកាត់ផ្តាច់បានពីការរួមចំណែករបស់ឥណ្ឌូនេស៊ីឡើយ។