អាជ្ញាធរនិងប្រជាពលរដ្ឋឃុំកោះព្រះ ឯកភាពគ្នា ប្រើប្រាស់ថវិកាមូលនិធិឃុំសាងសង់ផ្លូវនិងស្ពាន

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖

អាជ្ញាធរនិងប្រជាពលរដ្ឋប្រមាណជិត៤០០គ្រួសារនៅឃុំកោះព្រះស្រុកសៀមបូកខេត្តស្ទឹងត្រែង បានឯកភាព ប្រើថវិកាមូលនិធិឃុំ សម្រាប់សាងសង់ផ្លូវ-ស្ពាន តភ្ជាប់គ្នានៅក្នុងភូមិ ដើម្បីដោះស្រាយនូវភាពលំបាកក្នុងការធ្វើចរាចណ៍ទៅមក។
ក្នុងឱកាសចុះពិនិត្យផ្លូវ-ស្ពាននៅឃុំកោះព្រះកាលពីថ្នីៗនេះ លោក វ៉ាន់ សក្តិ អនុប្រធានភូមិកោះព្រះបានបញ្ជាក់ថា៖ជាង១០ឆ្នាំមកហើយផ្លូវនិងស្ពានក្នុងភូមិនេះមិនដែលបានធ្វើទេ ប្រជាពលរដ្ឋចេះតែនាំគ្នាធ្វើដំណើរទាំងលំបាកនៅខែប្រាំងក៍ដូចខែវស្សា។លោកបញ្ជាក់ថា៖បច្ចុប្បន្នស្ពាននៅតាមបណ្តោយផ្លូវនេះបានពុកខូចកាន់តែខ្លាំង ហើយ ពេលបងប្អូនធ្វើដំណើរឆ្លងកាត់ ចេះតែមានការភ័យខ្លាច។
(សម្លេង)ប្រជាពលរដ្ឋយើងធ្វើ់ដំណើរទៅមកមានផលវិបាក ភ័យព្រួយបារម្ភណ៍ខ្លាចបាក់ហើយណាមួយសិស្សសាលាក្មេងទៅរៀនក៍ពិបាកដែរបងប្អូនធ្វើដំណើរដឹកស្រូវដឹកអង្ករ ក៍បារម្ភដែរព្រោះស្ពាននេះទ្រុឌទ្រោម ឈើវាក៍ផុយទៀតយូរឆ្នាំហើយមិនតិចឆ្នាំទេស្ពាននេះជាង១០ឆ្នាំហើយ។
លោកឡុង ថា មេឃុំកោះព្រះបានទទួលស្គាល់ថា៖ ផ្លូវមួយខ្សែនេះវាពិតជាមានប្រយោជន៍បំរើការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋក្នុងការទាក់ទងគ្នា ដឹកផលកសិកម្ម ផលិតបានមកផ្ទះ ព្រោះនៅលើកោះនេះមានប្រជាពលរដ្ឋ៣៨២គ្រូសារ ប្រើប្រាស់ចេញចូលតាមផ្លួវតែមួយ។ លោកបានអះអាងថា៖ការរៀបចំសាងសង់ហេដ្ឋារចនាសម្ពន្ធ័នៅក្នុងឃុំអាជ្ញាធរបានលើកគម្រោងធ្វើទៅតាមដំណាក់កាលនិមួយៗ ហើយឆ្នាំ២០២០នេះ ឃុំមានថវិកាគ្រប់គ្រាន់ក្នុងការសាងសង់ផ្លូវស្ពាននេះ។
(សម្លេង)គិតថាឆ្នាំ២០២០នេះគឺយើងគ្រោងធ្វើផ្លូវ៣៥០០ម៉ែត្រ លូ៤ សំរាប់ធ្វើនិងហើយជួសជុលស្ពាន២ ស្ពាននេះមួយនិងស្ពានខាងក្រោមនិងមួយទៀតដែលវាពុកបាក់ប្រហែលគ្នានេះដែរអញ្ចឹងក្នុងថវិកាជាង៥ម៉ឺននិងជាថវិកាអភិវឌ្ឍន៍។
លោកសំ ចំណាន ប្រជាពលរដ្ឋនៅកោះព្រះនេះដែរបានលើកឡើងថា៖នេះជាការគិតគូរបានមួយចំណែកធំ ព្រោះច្រើនឆ្នាំកន្លងមកមិនដែលមានផ្លូវ-ស្ពាន ស្រួលធ្វើដំណើរទេ ហើយនៅឃុំនេះប្រជាពលរដ្ឋមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។លោកសាទរចំពោះការរៀបចំគម្រោងរបស់ឃុំក្នុងការសាងសង់ផ្លូវស្ពាននៅភូមិឃុំនេះព្រោះការធ្វើយឺត វាល្អជាងមិនបានធ្វើសោះ។
សូមបញ្ជាក់ថា៖ឃុំកោះព្រះជាឃុំមួយក្នុងចំណោមឃុំទាំង៧ក្នុងស្រុកសៀមបូកមានភូមិសាស្ត្រ ជាដែនដីកោះដូច្នេះ នៅក្នុងឃុំនេះពិបាកក្នុងការនាំគ្រឿងចក្រទៅសាងសង់ទើបហេដ្ឋរចនាសម្ព័ន្ធមួយចំនួនមានភាពយឺតយ៉ាវក្នុងការអភិវឌ្ឍន៍៕