ក្រុមហ៊ុន A1 System គ្រោងបង្កើតអោយមានប្រព័ន្ធប្រកាសអាសន្ន លើទូរស័ព្ទ

វិទ្យុជាតិកម្ពុជា៖ ប៉ុង សុភាវី

MC៖ ក្រុមហ៊ុន A1 System គ្រោងបង្កើតអោយមានប្រព័ន្ធប្រកាសអាសន្ន លើទូរស័ព្ទ ដៃនៅក្នុងប្រទេសកម្ពុជា ដើម្បីអោយប្រជាជន បានដឹងភ្លាមៗ ពីគ្រោះមហន្តរាយ ដែលកើតមានឡើង។

ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ លោក Jaleel Mubarak នាយកផ្នែកទីផ្សារ ទូទាំងសកលលោក នៃក្រុមហ៊ុន A1 System បានស្នើសុំ ការគាំទ្រពី ឯកឧត្តម រដ្ឋមន្រ្តី ទាក់ទងទៅនឹងគម្រោងបង្កើតអោយមានប្រព័ន្ធប្រកាសអាសន្ន EARLY WARNING SYSTEM នៅពេលដែលមានបញ្ហាធំៗ ដូចជាគ្រោះធម្មជាតិ ឬគ្រោះមហន្តរាយ ផ្សេងៗដែលកើតឡើង ។លោក បន្តថា ប្រពន្ធ័នេះនឹងជូនដំណឹងជាអក្សរ និងសំលេងរោទ៏ នៅលើទូរសព្ទ័ដៃភ្លាមៗតែម្តង ដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះ បានដឹង និង អាចគេចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ លោកបញ្ជាក់ថា ការបញ្ជូនដំណឹងបន្ទាន់ទៅកាន់ ទូរសព្ទ័ដៃ អាចប្រើ បានសម្រាប់ទូរសព្ទ័ដែលមានស៊ីមកាត ដោយមិនចាំបាច់មាន Internetនោះទេ វានិងផ្តល់ជា ព័ត៌មានលេចចេញនៅលើអេក្រង់តែម្តង ហើយក៏អាចចែកចេញតំបន់ផងដែរ ដូចជា នៅខេត្តព្រះសីហុន រាជធានីភ្នំពេញ នៅពេលដែលមានបញ្ហាអ្វីកើតឡើង នឹងមានការជូនព័ត៌មាន ប្រកាសអាសន្ន ភ្លាមតែម្តង ដើម្បីអោយអ្នករស់នៅទៅនោះ គេចចេញកុំអោយមានគ្រោះថ្នាក់។ លោកបន្ថែមថា ប្រព័ន្ធនេះ ត្រូវបានប្រើប្រាស់រួចហើយនៅប្រទេសរុស្ស៊ី និងបណ្តាប្រទេសអាស៊ាន ដូចជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន។
ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបង្ហាញនូវការចាប់អារម្មណ៏ ចំពោះប្រពន្ធ័ប្រកាសអាសន្ននៅលើទូរសព្ទ័ដៃនេះ ដែលអាចជួយផ្សព្វផ្សាយ ព័ត៌មានទាន់ហេតុការណ៏ភ្លាមៗតែម្តង ដែលជាការរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស នៅពេលមាន គ្រោះអាសន្ន កើតឡើង។
ឯកឧត្តម បន្ថែមថា ការរៀបចំប្រពន្ធ័នេះ ក៏នឹងជួយប្រយុទ្ធប្រឆាំងនូវព័ត៌មាន ក្លែងក្លាយផងដែរ។ ចំពោះស្នើសុំខាងលើ ឯកឧត្តម បញ្ជាក់ថា នឹងដាក់ជូនទៅប្រមុខរាជរដ្ឋាភិបាល ពិនិត្យសម្រេច ក្នុងពេលខាងមុខឆាប់ៗខាងមុខនេះ៕