អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅស្រុកសៀមប៉ាង ចំណាយថវិកា ទិញចំណីអាហារ សម្រាប់សត្វត្មាតក្នុងមួយខែ៣ដង

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

M.Cសត្វត្មាតនិងពពួកសត្វស្លាប ផ្សេងៗទៀតកំពុងរស់នៅតំនប់ព្រៃអភិរក្សក្នុងស្រុកសៀមប៉ាងខេត្តស្ទឹង ត្រែងត្រូវបានអង្គការជីវិត សត្វស្លាប អន្តរជាតិប្រចាំ នៅស្រុក នេះចំណាយថវិកាជាង១០០០ដុល្លារ ទិញចំណីអាហារបន្ថែមឱ្យសត្វទាំងនេះស៊ីក្នុងមួយខែ ៣ដងជាពិសេសនៅក្នុងរដូវដែលវាកំពុងពងកូន។

ក្នុងសកម្មភាពផ្តល់ចំណីសត្វនៅថ្ងៃទី១៩និងថ្ងៃទី២០ខែធ្នូនេះ លោកអ៊ាង សំណាង ប្រធានក្រុមអភិរក្សធនធានជីវចំរុះនៃ អង្គការជីវិតសត្វ ស្លាបអន្តរ ជាតិ ប្រចាំ នៅស្រុក សៀមប៉ាងបានបញ្ចាក់ថា៖ក្រុមអភិរក្សបានផ្តល់អាហារបន្ថែមឱ្យសត្វត្មាតនិងសត្វស្លាបផ្សេងៗទៀតក្នុងមួយខែ៣ដងជាប្រចាំដើម្បីយើង អភិរក្ស ពពួក សត្វដ៍កម្រ ទាំងនេះ ឱ្យនៅគង់វង្សនិងរក្សាវាឱ្យនៅក្នុងព្រៃទឹកដីយើងកុំឱ្យវាទៅរស់នៅព្រៃប្រទេសឡាវព្រោះខ្លាច ត្រូវគេសម្លាប់សត្វទាំងនេះ។

 

លោកបន្ថែមថា៖បច្ចុប្បន្ននៅពេលយើងដាក់ចំណីឱ្យម្តងៗសង្កេតឃើញមានសត្វត្មាតនិងសត្វស្លាបផ្សេងៗទៀតមកស៊ីចន្លោះចាប់ពី៩០ក្បាលទៅ១២០ក្បាលតែប៉ុណ្ណោះ ក្នុងនោះមាន៖ សត្វត្មាតត្នោត-ត្មាតផេះ-ត្មាតភ្លើង-ត្រយ៉ងយក្ស-ត្រយ៉ងចង្កំក៍ស-ត្រយ៉ងអង្កត់ខ្មៅ-ត្រដក់តូច-ត្រដក់ធំ-ត្រដក់ត្រីប្រផេះ-ឥន្ទ្រីខ្មៅ-និងសត្វក្អែកព្រៃ ដែលមានរស់នៅតំបន់ព្រៃអភិរក្សនេះ។

លោកផាន់ យុទ្ធ អភិបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងបានបញ្ចាក់ថា៖ការអភិរក្ស សត្វស្លាបនេះបងប្អូនប្រជាពលរដ្ឋយើងបានភ្ញាក់រលឹកចូលរួម  ច្រើនព្រោះពួកគាត់ បានចាត់ ទុកថាពពួកសត្វទាំងនេះវាអាចបំរើឱ្យវិស័យទេសចរណ៍ដោយសារភ្ញៀវទេសចរមកលេងចង់មើលសត្វត្មាតទាំងនេះ។ លោកបន្តថា៖ប្រជាពលរដ្ឋនៅឃុំព្រែកមាស និងឃុំថ្មកែវ ជិតតំបន់អភិរក្ស បានងាកមកធ្វើស្រូវត្រយ៉ងយក្សគ្រប់ៗគ្នាព្រោះនៅពេលបានផលក្រុមអភិរក្សសត្វត្មាត  ធ្វើការប្រមូលទិញក្នុង តំលៃខ្ពស់ដែលជាយន្តការមួយជំរុញឱ្យប្រជាពលរដ្ឋយើងបញ្ឈប់ការចូលព្រៃបរបាញ់សត្វ និងពឹងផ្អែកលើផលអនុផលព្រៃឈើ។

សូមរំលឹកថា៖នៅថ្ងៃទី១៩និងថ្ងៃទី២០ធ្នូនេះក្រុមអភិរក្សសត្វស្លាបបានធ្វើបរិមាណចំនួនសត្វដែលរស់នៅតាមរយៈការផ្តល់អាហារក្នុងទូទាំងប្រទេសកម្ពុជា ជាពិសេសនៅតាមខេត្តដែលមានសត្វត្មាតរស់នៅដូចជាខេត្តក្រចេះ -មណ្ឌលគីរី -រតនគីរី-ព្រះវិហារ និងខេត្តស្ទឹងត្រែងដែលមានសត្វត្មាតរស់នៅច្រើនជាងគេ។
សូមបញ្ចាក់៖ការផ្តល់ចំណីក្នុងមួយខែចំនួន៣ដងជាប្រចាំនេះគឺអង្គការជីវិតសត្វស្លាបអន្តរជាតិបាន ទិញគោឬក្របីដែលត្រូវចំណាយថវិកាជាង១០០០ដុល្លារជារៀងរាល់ខែដើម្បីបង្គ្រប់បន្ថែមទៅលើអាហារព្រៃ ព្រោះនៅរដូវនេះជារដូវដែលត្មាតបន្តពូជនិងពងកូន៕