សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ព្រមានកូរ៉េខាងជើងអំពីការដាក់ទណ្ឌកម្មបន្ថែមទៀតចំពោះការបង្កហេតុ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ — ក្រុមសមាជិកសភាទ្វេភាគីនៃសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បាន​ព្រមាន​កូរ៉េខាងជើងអំពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការបង្ក​ហេតុ​ណាមួយដូចជា ការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយជាដើម។

សមាជិកព្រឹទ្ធសភាទាំង ៤រូបគឺ៖ លោក Chris Van Hollen(D-MD), លោក Pat Toomey​(R-PA), លោក Sherrod Brown(D-OH) និងលោក Rob Portman(R-OH) បានដឹកនាំ​ការអនុម័តច្បាប់ដាក់ទណ្ឌកម្ម   កូរ៉េខាងជើង ដែលជាផ្នែកមួយនៃច្បាប់ ស្តីពីគោលនយោបាយ​ការពារជាតិប្រចាំឆ្នាំដែលបានអនុម័តដោយព្រឹទ្ធសភាកាលពីថ្ងៃអង្គារ។

សេចក្ដីព្រាងច្បាប់ការពារជាតិ គឺប្រាកដជានឹងត្រូវបានអនុម័តជាច្បាប់ ដូចដែល​ប្រធា​នា​ធិបតី​ អាមេរិក​លោក ដូណាល់ ត្រាំ បាននិយាយកាលពីសប្តាហ៍មុនថា លោកនឹងចុះ​ហត្ថលេខា​លើវាជាបន្ទាន់។

បទប្បញ្ញត្តិនៃការដាក់ទណ្ឌកម្មនេះ ត្រូវបានគេដាក់ឈ្មោះថា ជាច្បាប់នៃការដាក់​ទណ្ឌកម្ម​នុយក្លេ-អ៊ែរសម្រាប់ប្រទេសកូរ៉េខាងជើងនៅឆ្នាំ២០១៩ ដែលកំណត់ការដាក់ទណ្ឌកម្ម​​លើ​​ធនាគារ​បរទេស និងក្រុមហ៊ុនដែលជួយសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុខុសច្បាប់​សម្រាប់ប្រទេសកូរ៉េខាងជើង។ វិធានការណ៍នេះ នឹងប៉ះពាល់ជាពិសេសដល់ធនាគារចិន។

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅវិមាន Capitol Hill លោក Van Hollen បាន​និយាយ​ថា​ សេចក្តីព្រាងច្បាប់នេះ បានផ្ញើសារយ៉ាងច្បាស់ទៅកាន់ទីក្រុងព្យុងយ៉ាង ​នៅពេល​ដែលរបបនេះ បានគំរាមផ្តល់ «អំណោយបុណ្យណូអែល »ដែលគេមិនចង់បាន​ដល់ទីក្រុង​វ៉ាស៊ីនតោន ដើម្បីប្រឆាំងនឹងកិច្ចចរចានុយក្លេ- អ៊ែរដែលជាប់គាំងរបស់ពួកគេ។

មនុស្សជាច្រើនជឿជាក់ថា កូរ៉េខាងជើងអាចសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប លុះត្រា​តែ​សហរដ្ឋអាមេរិកផ្តល់សម្បទានមុនកាលបរិច្ឆេទកំណត់នាចុងឆ្នាំនេះ​ ដែលកំណត់ដោយ​ទីក្រុងព្យុងយ៉ាង។

លោក Van Hollen បាននិយាយថា ខ្ញុំគិតថា ទោះជាគំនិតរបស់ពួកគេគិតយ៉ាងម៉េច​ក៏ដោយ យើងនៅទីនេះជាមួយគ្នា ពីព្រោះយើងគិតថា វាចាំបាច់ក្នុងការផ្ញើសារយ៉ាងច្បាស់ថា ​យើងនឹងឆ្លើយតបចំពោះការឈ្លានពានរបស់កូរ៉េខាងជើង ដោយបន្តបង្កើនសម្ពាធសេដ្ឋកិច្ច។

លោកបាននិយាយថា ការអនុម័តសេចក្តីព្រាងច្បាប់នេះ គឺទាន់ពេលវេលា ពីព្រោះ​ចិន និងរុស្ស៊ីនៅសប្តាហ៍នេះ បានស្នើសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ​ដែលអំពាវនាវឱ្យមានការដកទណ្ឌកម្មមួយចំនួនរបស់សហរដ្ឋអាមេរិកទៅលើកូរ៉េខាងជើង៕

(ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល)