AKP កំពង់ចាម ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ — នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារ ណការ និងដឹកជញ្ជូនបានសហ​ការ​ជាមួយក្រុមហ៊ុន Michelin និងក្រុមហ៊ុន វើលដ៍ប្រ៊ីដ ត្រេតឌីង បានបើកយុទ្ធនាការអប់រំ​ផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមទាំងមាន កម្មវិធីសួរ និងឆ្លើយសំណួរយក​មួក​សុវត្ថិភាពចំនួន២០០មួក ព្រមទាំងមានការ​ផ្តល់ជូននូវ សេវាត្រួតពិនិត្យសុវត្ថិភាពរថយន្ត ៣០ ចំណុច ដោយឥតគិតថ្លៃ ពីមជ្ឈមណ្ឌលថែទាំរថយន្ត Tyre Plus។ ​យុទ្ធនាការនេះ បាន​ធ្វើឡើង កាលពីថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចចំណតរថយន្ត ស្ថិតនៅក្នុងក្រុង កំពង់ចាម ខេត្តកំពង់ចាម។

លោក សេន ជាតិវិសុទ្ធ អនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គ នាយដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួង​សាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា យុទ្ធ នាការអប់រំផ្សព្វផ្សាយនេះ នឹងចូល​រួមបង្កើនការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងវិធាន សុវត្ថិភាពចរាចរណ៍ ការលើក​កម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក បង្កើនសុវត្ថិភាពយានយន្ត និងកាត់បន្ថយអត្រា​ស្លាប់​ដោយ​សារការប៉ះទង្គិចក្បាលបណ្តាលមកពី គ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជាឱ្យនៅកម្រិតទាប។ លោកបានជំរុញដល់បងប្អូនប្រជាពលរដ្ឋ​​ ត្រូវគោរព​ច្បាប់ស្តីពី​ចរា​ចរណ៍ផ្លូវគោកចាប់ពី​ពេល​នេះទៅ ព្រោះ​ថា​សកម្មភាពរបស់យើងក្នុងការគោរព និង​អនុវត្តន៍​​ច្បាប់ គឺបានបង្ហាញយ៉ាង​ច្បាស់អំពី ឥរិយាបថ និងស្មារតីទទួលខុសត្រូវយ៉ាង​ជាក់​ស្តែង៕

ដោយ ប៊ុនរិទ្ធ