រាជរដ្ឋាភិបាលបង្កើនវិធានការលើកកម្ពស់ធនធានមនុស្សលើជំនាញបច្ចេកទេស សំណង់ និងកសិកម្ម

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា

MC៖រាជរដ្ឋាភិបាល បានលើកកម្ពស់ធនធានមនុស្សលើជំនាញបច្ចេកទេស សំណង់ និងកសិកម្មបន្ថែមទៀត ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

ឯកឧត្តមអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានណែនាំឲ្យភាគីពាក់ព័ន្ធត្រូវជំរុញការបណ្ដុះបណ្ដាល និងបង្កើនការផ្គត់ផ្គង់ធនធានមនុស្សលើជំនាញជំនាញបច្ចេកទេស សំណង់ និងកសិកម្មឲ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីចាប់យកឱកាសការងារ បន្ទាប់ពីទីផ្សារការងារនាពេលបច្ចុប្បន្ន កំពុងមានតម្រូវការលើជំនាញនេះក្នុងមួយឆ្នាំៗកាន់តែច្រើនឡើងៗ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ សាស្រ្តាចារ្យ និងបុគ្គលិកសិក្សា ដើម្បីអបអរសាទរ ខួប២០ឆ្នាំ ថ្ងៃបង្កើតវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នាព្រឹកថ្ងៃទី ១៨ ខែធ្នូឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ការបង្កើនការលើកកម្ពស់ធនធានមនុស្សលើជំនាញនេះ ដើម្បីធានាឲ្យគុណភាពធនធានមនុស្សនៅកម្ពុជាកាន់តែមានសមត្ថភាព និងមានជំនាញ ដែលស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា និងការរីកចម្រើនរបស់ប្រទេសជាតិ។

សំឡេង« វាបានប្រែប្រួលអស់ហើយគ្រប់វិស័យកសិកម្មក៏ទំនើប ឧស្សាហកម្មក៏ទំនើប និងសេវកម្មក៏មានតម្រូវការកាន់តែច្រើនព្រោះមានតម្រូវការ ចឹងការអភិវឌ្ឍនកាន់តែលឿននេះធ្វើអោយធនធានមនុស្សរបស់យើងខំបណ្ដុះបណ្ដាលប៉ុន្មានឆ្នាំគឺវាយឺតវាឆ្លើតបអតទាន់ ចឹងបានយើងមានត្រូវការចាំបាច់ណាស់នៅជំនាញទាំងនេះ។ ចឹងបើយើងមិនធ្វើទំ នើបកម្មតើយើងចាំអីទៀត ចឹងត្រូវតែធ្វើទំនើបកម្ម ទំនើបកម្មនេះទី១ បង្កើនគុណភាព បង្កើនសមត្ថភាពទី២បង្កើនចំនួនឲ្យបានត្រឹមត្រូវហើយទី៣ធ្វើវាឲ្យបានឆ្លើយតបទៅនឹងរម្រូវការពិតប្រាកដនៅទីផ្សារ បើយើងចេះតែបណ្ដុះបណ្ដាលហើយៗ ទីផុតរៀនទៅខុសជំនាញ ដែលទីផ្សារគ្មានតម្រូវការ ឬជំនាញខ្លះត្រូវការតិច ប៉ុន្ដែយើងរៀនច្រើនពេក រៀនហើយទៅធ្វើការខុសជំនាញដដែល ចឹងហើយនេះបានជាការសម្របសម្រួលខាងផ្នែកផលិតមនុស្សនិងតម្រូវការ ប្រើប្រាស់មនុស្សឲ្យវាបានត្រឹមត្រូវដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារការងារ»។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ការរីកចម្រើននៃបច្ចេកវិទ្យានេះ ក្រសួងការងារបានចាប់ផ្ដើមអនុវត្តយុទ្ធសាស្ត្រទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈ(TVET) និងដាក់ចេញអនុសាសន៍ជំរុញឱ្យគ្រឹះស្ថានអប់រំទាំងអស់ ដែលស្ថិតក្រោមឱវាទរបស់ខ្លួនត្រូវយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្រនេះប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងការរីកចម្រើនបច្ចេកវិទ្យាទំនើប ឬហៅថាបដិវត្តឧស្សាហកម្ម ៤.០ផងដែរ៕