កម្ពុជានៅខ្វះធនធានមនុស្សសម្រាប់វិស័យស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ និងចំណីអាហារ

អត្ថបទ៖ លោក វ៉ាង ភក្តី
ភ្នំពេញ៖ ប្រធានព្រឹទ្ធសភា លើកឡើងថា កម្ពុជានៅខ្វះធនធានមនុស្សសម្រាប់វិស័យស្រាវជ្រាវផ្នែក វេជ្ជ សាស្ត្រ និង ចំណីអាហារ ដែលប្រទេសជាតិបច្ចុប្បន្នកំពុងត្រូវការ ដើម្បីយកទៅជួយ អភិវឌ្ឍន៍ សេដ្ឋ កិច្ច ឲ្យកាន់ តែ មាន ភាពរីកចម្រើនខ្លាំងឡើង។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជា កំពុង ត្រូវការធនធានមនុស្ស ជាពិសេសយុវជនដែល មានសមត្ថភាព និងចាប់អារម្មណ៍លើការងារ ស្រាវ ជ្រាវ វេជ្ជសាស្ត្រថ្មីៗ សម្រាប់ការអភិវឌ្ឍ សេដ្ឋ កិច្ច ជាតិ និងរក្សាបាន សមត្ថភាព ប្រកួតប្រជែង សេដ្ឋ កិច្ច នៅលើឆាកអន្តរជាតិប្រកបដោយនិរន្តរភាព។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រារព្ធខួប៦០ឆ្នាំ នៃការបង្កើតឱសថគីណាល់នៅកម្ពុជា នា ព្រឹក ថ្ងៃទី១៨ ខែធ្នូនេះ សម្តេចវិបុលសេនាភក្តី បានលើកទឹកចិត្តដល់វិស័យឯកជន ក៏ដូចជាយុវជន យុវនិស្សិត ចាប់យកជំនាញស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ និងការផលិតចំណីអាហារ ដើម្បីឆ្លើយតប ទៅ នឹង តម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រទេសជាតិនាពេលបច្ចុប្បន្ន និងទៅអនាគត។ សម្តេចវិបុល សេនា ភក្តី មានប្រសាសន៍ថា មូល ធនមនុស្ស និងធនធានមនុស្ស មានសារៈសំខាន់បំផុត សម្រាប់ ប្រទេសកម្ពុជា ធ្វើការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម ដែលកំពុងស្ថិតក្នុងបរិបទ នៃសកល ភាវូបនីយកម្ម ។
សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានចាត់ទុកវត្តមានរបស់ឱសថគីណាល់ ដែលផលិតដោយស្នាដៃកូនខ្មែរ នៅលើទឹកដីខ្មែរ តាំងពីទសវត្សន៍ឆ្នាំ១៩៦០ រហូតមកដល់បច្ចុប្បន្ននេះ គឺជាមោទនភាពរបស់ប្រទេសកម្ពុជា ដើម្បីសុខភាពរបស់ប្រជាជនខ្មែរ ហើយក៏បានបង្ហាញវត្តមាននៅលើឆាកអន្ដរជាតិផងដែរ អំពីស្នាដៃរបស់កូនខ្មែរ។ សម្ដេចវិបុលសេនាភក្ដី មានប្រសាសន៍ថា សហគ្រាស ផលិត ឱសថ ប៉េប៉េអឹម បានបង្កើនផលិតផលចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងសង្គមយ៉ាងពិតប្រាកដ។
បើតាមការឲ្យដឹងរបស់លោក ឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធាន អគ្គនាយក សហគ្រាស ផលិត ឱសថ ប៉េប៉េអឹម និង ក្រុមហ៊ុន ខនហ្វីរេល បាន បញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៣មក សហគ្រាស ផលិត ឱសថ ប៉េប៉េអឹម និង ក្រុមហ៊ុន ខនហ្វីរេល បានបង្កើតកម្មវិធីពានរង្វាន់គីណាល់ ដើម្បីជំរុញ ឲ្យ និស្សិត កម្ពុជាផ្នែកវិទ្យាសាស្ត្រសុខាភិបាល មានឱកាសធ្វើការសិក្សាបណ្តុះបណ្តាល និងស្រាវជ្រាវផ្នែក វេជ្ជសាស្ត្រ និងចំណីអាហារ ស្របតាមស្តង់ដារវិទ្យាសាស្ត្រអន្តរជាតិ សំដៅចូលរួមចំណែកក្នុង ការ អភិវឌ្ឍ ការសិក្សាស្រាវជ្រាវលក្ខណៈបែបវិទ្យាសាស្ត្រនៅកម្ពុជា។ លោក ឱសថបណ្ឌិតរូបនេះ បាន ឲ្យ ដឹង ថា ក្រុមហ៊ុនរបស់លោកកំពុងជំរុញការស្រាវជ្រាវ និងការផលិតឱសថសម្រាប់ប្រកួតទីផ្សារ អន្តរជាតិ។
សូមបញ្ជាក់ថា ក្នុងឱកាសពិធីអបអរសាទរខួប៦០ឆ្នាំ នៃឱសថគីណាល់របស់ សហគ្រាស ផលិត ឱសថ ប៉េប៉េអឹម នៅកម្ពុជានេះ ក៏មានការផ្តល់ពានរង្វាន់គីណាល់ យុវនិស្សិតកម្ពុជា ដែលចូល រួម ធ្វើការស្រាវជ្រាវ និងបង្កើតគំនិតច្នៃ ប្រឌិត ថ្មីៗ ផ្នែក វេជ្ជ សាស្ត្រ និងការផលិតចំណីអាហារផងដែរ ខណៈ ការស្រាវជ្រាចរកឃើញ និងផលិតឱសថគីណាល់ ដំបូងគេ នៅប្រទេសកម្ពុជា តាំង ពី៦០ឆ្នាំមុន ដោយ ជនជាតិខ្មែរឈ្មោះ លោក ឱសថបណ្ឌិត កុក សុខគីម និងបានទទួលការគាំទ្រ យ៉ាង ខ្លាំង ពី ទី ផ្សារ ជាតិ និងទីផ្សារ អន្តរជាតិ ៕