ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថ្លែងថា មានកត្តាសំខាន់ៗ៤ដែលនាំឱ្យកម្ពុជាសម្រេចចិត្តចូលអស៊ាន

វិទ្យុជាតិកម្ពុជា អត្ថបទ ៖ ប៉ុង សុភាវី

  MC ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងថា មានកត្តាសំខាន់ៗចំនួន៤ ដែលនាំឱ្យកម្ពុជាសម្រេចចិត្តចូលអាស៊ាន ដើម្ប​ីទាញយកផលប្រយោជន៍យ៉ាងច្រើនពីសមាគមមួយនេះ រួមទាំង     វិស័យការទូត នយោបាយ សេដ្ឋកិច្ច និងទេសចរណ៍ជាដើម។

  ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ចំនួន២,៨៣១នាក់នាមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី១៨ ខែធ្នូនេះ  សម្តេចអគ្គ​ហា​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កត្តាសំខាន់ៗចំនួន៤យ៉ាង នោះគឺទី១ គោលការណ៍មិន​​ជ្រែកចូល​ក្នុងនៃប្រទេសសមាជិក ទី២ ស្មារតីសហគមន៍ សម្តៅដល់របៀបធ្វើការរបស់អាស៊ាន ដែលធ្វើតាមរបៀបកុងសុងស៊ីស (ឯកច្ឆន្ទ) ទី៣ ការអនុវត្តន៍សេដ្ឋកិច្ចសង្គម ទាក់ទងសមាហរណកម្ម និងកត្តាទី៤ ច្រកទ្វារចេញនៃការទូតរបស់កម្ពុជា។

សំឡេង៖បានជាយើងខិតខំចូលអាស៊ាន មានកត្តាទាក់ទាញ៤ ដែលជំរុញ ឲ្យយើងចូលអាស៊ានវាមានប្រយោជន៍ ដើម្បីយើងយកទៅត្រិះរិះពិចារណា យើងចូលអាស៊ានត្រូវឬខុស ហេតុអីបានជាយើងប្រឹងចូលអាស៊ាន មានកត្តាទាក់ទាញ៤ យ៉ាងដែលតម្រូវឲ្យយើងចូលអាស៊ាន កត្តាទី១ គឺគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង នេះគឺជាកត្តាធំណាស់ ដែលទាក់ទាញឲ្យយើងចូលអាស៊ាន ប្រសិនបើយើងមិនចូលអាស៊ានទេ ឧទាហរណ៍ថា យើងមានបញ្ហាកន្លងទៅជាមួយនឹងថៃ អញ្ចឹងអាស៊ានគេសាមគ្គីភាពជាមួយអាស៊ានគ្នាគេ យើងនៅតែឯងយើងទៅនិយាយជាមួយពីណា ប៉ុន្តែដោយសារតែយើងនៅមានក្នុងក្របខណ្ឌអាស៊ានជាមួយគ្នា សូម្បីតែក្រុមប្រឹក្សាសន្តិសុខ ក៏ប្រគល់ភារកិច្ចនឹងទៅឱ្យម៉ាឡេស៊ី ដែលជាប្រទេសអាស៊ានជាមួយគ្នា អញ្ចឹងនៅក្នុងក្របខណ្ឌគោលនយោបាយ ដើម្បីការពារជាតិរបស់យើង ការមិនជ្រៀតជ្រែកការងារផ្ទៃក្នុងគឺជាអាទិភាពគោលនយោបាយរបស់យើង ទាំងគោលនយោបាយក្នុងប្រទេសនិងក្រៅប្រទេស។ កត្តាទី២ គឺស្មារតីសហគមន៍ គឺជារបៀបធ្វើការរបស់អាស៊ានដែលធ្វើការតាម តាមឯកច្ឆន្ទ បើដូច្នោះគឺគ្មានប្រទេសធំ ប្រទេសតូច គ្មានប្រទេសមាន ប្រទេសក្រទេ គឺសិទ្ធិស្មើគ្នាទាំងអស់ ក្នុងចំណោម ១០ មានតែមួយព្រម បានសេចក្ដីថាចេញប្រកាសមិនរួចទេ។ ចំណុចទី៣ គឺចំណុចទាក់ទិនជាមួយនឹងសមាហរណកម្ម យើងទទួលផលប្រយោជន៍ច្រើនណាស់អំពីសមាហរណកម្ម ទាក់ទងនឹងវិស័យសេដ្ឋកិច្ច អាស៊ានបានជួយយើងច្រើនលើការបណ្ដុះបណ្ដាលធនធានមនុស្ស ជួយយើងច្រើនទៅលើបញ្ហានានាដែលទាក់ទងជាមួយនឹងដៃគូពាណិជ្ជកម្ម។  ឯកត្តាទាក់ទាញ ទី៤ គឺច្រកចេញការទូតរបស់កម្ពុជាតែម្ដង ដោយសារអាស៊ានមានដៃគូច្រើន ដែលកម្ពុជាចូលអាស៊ានភ្លាមបានសេចក្ដីថាមានដៃគូច្រើននៅទីហ្នឹងតែម្ដង អញ្ចឹងបើសិនជាយើងនៅម្នាក់ឯង សួរថាយើងអាចក្លាយទៅជាដៃគូរវាងអាស៊ានជាមួយចិន អាស៊ានជាមួយជប៉ុន អាស៊ានជាមួយកូរ៉េ អាស៊ានជាមួយឥណ្ឌា អាស៊ានជាមួយអូស្ត្រាលី អាស៊ានជាមួយអូសសាឡង់ អាស៊ានជាមួយអឺយូរ អាស៊ានជាមួយអង្គការសហប្រជាជាតិ អាស៊ានជាមួយអាមេរិកអាស៊ាន បានដែរឬអត់។

  សូមបញ្ជាក់ថា អាស៊ានមានប្រទេសចំនួន១០ជាសមាជិក គឺមានប្រទេសប្រ៊ុយណេ ប្រទេសកម្ពុជា ប្រទេសឥណ្ឌូណេស៊ី ប្រទេសលាវ ប្រទេសម៉ាឡេស៊ី ប្រទេសភូមា ប្រទេសហ្វីលីពីន ប្រទេសសិង្ហបុរី ប្រទេសថៃ និងប្រទេសវៀតណាម៕