រដ្ឋសភាកំណត់យកថ្ងៃទី២៣ ខែធ្នូ ខាងមុខ បន្តសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៣ នីតិកាលទី៦

AKP ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ — គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ បានកំណត់ យកថ្ងៃទី២៣ ខែធ្នូ ខាងមុខ បន្តសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៣ នីតិកាលទី៦ ក្រោម អធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណា ចក្រកម្ពុជា ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តច្បាប់ចំនួន៦ តាមការស្នើឡើងរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានឱ្យដឹងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំ គណ:កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានាព្រឹកនេះថា សម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៣ នីតិកាលទី៦ ខាងមុខ មានរបៀបវារ:ចំនួន៦ រួមមាន៖ ទី១-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យ ក្រុមហ៊ុនហ្គីន សីស្ហែនណបិល វេនយ័រ (ខេមបូឌា) ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយ ផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ២០មេហ្គាវ៉ាត់នៅខេត្តស្វាយរៀង។ ទី២-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនរ៉ាយ ផៅវ័រ សឹបផ្លាយ ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព ៣០ មេហ្គាវ៉ាត់ នៅខេត្តបន្ទាយមានជ័យ។ ទី៣-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនរ៉ាយសិន អេនើជី (ខេមបូឌា) បាត់ដំបង ឯ.ក សម្រាប់គម្រោងសាងសង់សានីយ ផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៦០ មេហ្គាវ៉ាត់នៅខេត្តបាត់ដំបង។ ទី៤-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនស្នេផេក អ៊ុនហ្គីនីត ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៣០ មេហ្គាវ៉ាត់ នៅខេត្តពោធិ៍សាត់។ ទី៥-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជ រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យ ក្រុមហ៊ុនធីអេស ប៊ីភី សេកុង ផៅវ័រ អ៊ែន មីដើល ខមភេនី លីមីធីត នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងទី៦- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យ ក្រុមហ៊ុនសេកុង សឺមមើល ផៅវ័រ ផ្លេន ខមភេនី លីមីធីត នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ៕

ដោយ ប៉ាល់ សុង