ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ណែនាំឲ្យប្រើប្រាស់កញ្ចប់ថវិការបស់ទីស្តីការគណៈរដ្ឋមន្រ្តី លើបញ្ហាការពារសិទ្ធិមនុស្សនៅបរទេស

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ស្រី ផន វាសនា៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាបានអនុវត្តបានល្អទៅលើបញ្ហាសិទ្ធិរបស់ជនជាតិដើមភាគតិច បើប្រៀបធៀបជាមួយប្រទេសដទៃ ព្រោះកម្ពុជាមិនដែលមានជម្លោះជាមួយជនជាតិដើមភាគតិចនោះទេ។សម្តេចតេជោ ថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យា ល័យវេស្ទើន នៅមជ្ឈមណ្ឌលកោះពេជ្រ នៅថ្ងៃទី១៨ ខែធ្នូនេះ។ សម្តេចតេជោ បន្តថា ដោយ សារកម្ពុជានៅជំពាក់របាយការណ៍ពាក់ពន្ធ័នឹងបញ្ហាសិទ្ធិមនុស្សនេះទៅអង្គការសហប្រជាជាតិ ទើបគេមិនបានដឹងថាកម្ពុជាអនុវត្តបានល្អលើបញ្ហាសិទ្ធិមនុស្ស។ពាក់ពន្ធ័នឹងបញ្ហាសិទ្ធិមនុស្សនេះ សម្តេចតេជោ បានណែនាំដល់គ្រប់ស្ថាប័នរបស់រាជរដ្ឋាភិបាល ត្រូវធ្វើរបាយការណ៍សិទ្ធិមនុស្សឲ្យបានគ្រប់គ្រាន់ ដោយត្រូវទៅបញ្ជូនមន្រ្តីទៅការពារនៅទីក្រុងហ្សីណែវ ប្រទេសស្វីស។ សម្តេចតេជោ ក៏បានបញ្ជាឲ្យប្រើប្រាស់កញ្ចប់ថវិការបស់ទីស្តីការគណៈរដ្ឋមន្រ្តី លើបញ្ហាការពារសិទ្ធិមនុស្សនៅបរទេស ខណៈដែលក្រសួងមិនមានកញ្ចប់ថវិកាក្នុងបញ្ជូន មន្រ្តីរបស់ខ្លួនទៅការពារពាក់ពន្ធ័ទៅបញ្ហាសិទ្ធិមនុស្សនេះ។