ក្រសួងកសិកម្ម ប្រកាសបដិសេធ ចំពោះការរិះគន់របស់សាធារណៈជនទាក់ទងទៅនឹងបញ្ហាតម្លៃស្រូវធ្លាក់ចុះ

វិទ្យុជាតិកម្ពុជា : ស៊ឹង សុផារី 18.12.19៖

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានប្រកាសបដិសេធ ចំពោះការរិះគន់របស់សាធារណៈជនទាក់ទងនឹងបញ្ហាតម្លៃស្រូវធ្លាក់ចុះ ខណៈដែលកាលពីពេលថ្មីៗនេះ តាមបណ្តាញហ្វេសប៊ុកមួយចំនួន បានផ្សព្វផ្សាយថា តាមបណ្តាខេត្តមួយចំនួនដែលស្ថិតនៅជាប់ព្រំដែនប្រទេសថៃ ដូចជាខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់ តំលៃស្រូវគ្រប់ប្រភេទមានការធ្លាក់ចុះដោយពុំមានមន្រ្តីបច្ចេកទេសរបស់ក្រសួង ចុះជួយស្វែងរកទៅផ្សារ និងរក្សាតំលៃឲ្យបានសមស្របទៅនឹងតំលៃនៃវត្ថុធាតុដើមនិងថ្លៃពលកម្មសំរាប់ប្រជាកសិករ។
ពាក់ពន្ធ័នឹងករណីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា នៅតាមបណ្តាខេត្តមួយចំនួនដែលស្ថិតនៅជាប់ព្រំដែនប្រទេសថៃ ដូចជាខេត្តបន្ទាយមានជ័យ បាត់ដំបងនិងខេត្តពោធិ៍សាត់ កំពុងមមាញឹកនឹងការប្រមូលស្រូវ គឺមានតម្លៃសមរម្យនៅឡើយ លើកលែងតែស្រូវដែលមានគុណភាពអន់ ហើយក៏មានក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវមួយចំនួនបានសហការជាមួយមន្ត្រីជំនាញ ចុះប្រមូលទិញដោយផ្ទាល់និងប្រមូលទិញតាមកិច្ចសន្យាយ៉ាងសស្រាក់សស្រាំផងដែរ ។
ប្រភពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយអន្តរាគមន៍ដល់កសិករ បានបញ្ចេញថវិកាបន្ថែមចំនួន៥០លានដុល្លារអាមេរិក ក្នុងគោលបំណងរក្សាស្ថិរភាពតម្លៃ និងប្រមូលទិញស្រូវពីកសិករ ហើយស្តុកទុក កិនកែច្នៃ និងនាំចេញ ។
ជាមួយគ្នានេះ នៅថ្ងៃទី១៩ ខែធ្នូ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នឹងធ្វើពិធីប្រកាសជាផ្លូវការរោងម៉ាស៊ីនកិនស្រូវដែលទទួលបានការអនុញ្ញាត នាំចេញអង្ករទៅកាន់ប្រទេសចិន ដែលជាការចូលរួមចំណែកពង្រីកទីផ្សារអង្ករ និងធានាបាននូវស្ថិរភាពតម្លៃទីផ្សារស្រូវអង្កររបស់ប្រជាកសិករ ៕