អ្នកនេសាទថៃរាប់ពាន់នាក់ធ្វើបាតុកម្មប្រឆាំងនឹងបទប្បញ្ញត្តិដែលរឹតត្បឹតឧស្សាហកម្មនេសាទសមុទ្រ

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង៖


អ្នកនេសាទថៃរាប់ពាន់នាក់ កាលពីថ្ងៃអង្គារទី១៧ ខែធ្នូ បានធ្វើបាតុកម្មនៅខាងក្រៅក្រសួងកសិកម្មថៃ ជុំវិញបទប្បញ្ញត្តិតឹងរឹងដែលច្បាប់នេះមានគោលបំណងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់និងគ្មានច្បាប់ទម្លាប់ ការទប់ស្កាត់ការរំលោភកម្លាំងពលកម្ម ដែលពួកគេយល់ថាកំពុងជំរុញឱ្យពួកគេបោះបង់ការប្រកបរបរនេះ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃអង្គារ ទី ១៧ ខែធ្នូ ឆ្នាំ ២០១៩។
ក្រុមបាតុករថៃដែលបានមកពីខេត្តចំនួន ២២ នៅទូទាំងប្រទេសបានប្រមូលផ្តុំគ្នានៅមុខក្រសួងកសិកម្មថៃ ដោយសម្តែងការសោកស្តាយកន្លងមករបស់រដ្ឋាភិបាល។ ពួកគេយល់ថា ច្បាប់ថ្មីតឹងរឹងនិងការពិន័យខ្ពស់បានធ្វើឱ្យអ្នកនេសាទជាច្រើនបាត់បង់ការងារធ្វើ ដូច្នេះទាមទារឲ្យមានការបន្ធូរបន្ថយការរឹតត្បិតនិងការបែងចែកមូលនិធិពិសេសដើម្បីជួយឧស្សាហកម្មនេះ។
សូមបញ្ជាក់ថាថៃជាប្រទេសដែលនាំចេញគ្រឿងសមុទ្រធំលំដាប់ទី ៣ នៅលើពិភពលោក ហើយការបង្ក្រាបការនេសាទខុសច្បាប់និងមិនមានច្បាប់ទម្លាប់នេះមានរយៈពេល៤ ឆ្នាំមកហើយបន្ទាប់ពីសហគមន៍អ៊ឺរ៉ុបបានគំរាមហាមឃាត់ការនាំចេញគ្រឿងសមុទ្ររបស់ខ្លួន។ជាលទ្ធផល សហគមន៍អ៊ឺរ៉ុបបានដកការគំរាមរបស់ខ្លួនវិញនៅក្នុងខែមករាឆ្នាំ២០១៩ដោយបានមើលឃើញពីចំណាត់ការល្អប្រសើរបស់ភាគីថៃប៉ុន្តែការធ្វើកំណែទម្រង់នេះបានធ្វើឱ្យប៉ះពាល់ដល់វិស័យនេសាទរបស់ប្រទេសនេះទៅវិញ។
ប្រភព៖ សារព័ត៌មាន Channel News Asia